ផ្នត់គំនិតបែបណាវាសនាបែបនោះ!៧គំនិតអ្នកមានគិតខុសពីអ្នកក្រធ្វើឱ្យគេអាចកសាងទ្រព្យបានកាន់តែច្រើន
ផ្នត់គំនិតជាអ្នកបង្កើតសកម្មភាព រីឯសកម្មភាពជាអ្នកបង្កើតលទ្ធផល អាស្រ័យហេតុនេះទើបជីវភាពមានឬក្រគឺវាកើតចេញពីផ្នត់គំនិតរបស់មនុស្សម្នាក់ៗនេះឯង។ យ៉ាងណាមានមនុស្សមិនច្រើននោះទេដែលប្រកាន់ផ្នត់គំនិតជាអ្នកមានដែលអ្នកក្រមួយចំនួនតូចមើលរំលងរឿងសាមញ្ញទាំងអស់នេះ។ យោងតាមទម្លាប់ របស់មហាសេដ្ឋីល្បីៗនៅជុំវិញពិភពលោក បង្ហាញថាគំនិតទាំង៧នេះអាចធ្វើឱ្យគេកសាងទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ។
១.គោលដៅវែងឆ្ងាយសម្លឹងអនាគត៖ អ្នកមានជាមនុស្សគិតអំពីអនាគតខ្លាំងនិងបំភ្លេចនូវអតីតកាលដែលបានកើតឡើងរួចមកហើយ។ ពួកគេគិតពីបញ្ហាមនុស្សនាពេលអនាគត ដាក់គោលដៅវែងឆ្ងាយគិតគូរទុកជាមុន និងគ្រោងការណ៍ច្បាស់លាស់និងល្អិតល្អន់បំផុតដើម្បីសម្រេចអ្វីមួយ។
២.ប្រាក់ចំណូលល្អជាងប្រាក់ខែ៖ មានមនុស្សជាច្រើនដែលគិតថា ប្រាក់ខែជាលំនឹងស្ថេរភាពក្នុងការរស់នៅ និងមិនមានហានិភ័យដូចប្រាក់ចំណូលនោះទេ។ ផ្ទុយមកវិញប្រាក់ចំណូលគឺពិតជាមានហានិភ័យច្រើន ប៉ុន្តែមិនងាប់ក្រឡាដូចប្រាក់ខែនោះទេ ។
៣.លះបង់ក្តីសុខថ្ងៃនេះ ដើម្បីថ្ងៃស្អែក៖ នឿយមុនស្រណុកក្រោយ ចង់ស្រណុកឱ្យនឿយពីក្មេង មហាសេដ្ឋីល្បីៗរបស់ពិភពលោកមានដូចជា ស្ថាបនិកក្រុមហ៊ុនមេតាលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Microsoft សុទ្ធតែនឿយពីក្មេង មិនដែលបានគេងច្រើនម៉ោងនោះទេពេលចេញរកស៊ីដំបូងដើម្បីភាពជោគជ័យរបស់ក្រុមហ៊ុននៅថ្ងៃនេះ។
៤.ជួបបញ្ហាឃើញឱកាស៖ ពេលមានបញ្ហាមនុស្សដែលព្យាយាមរត់គេច គឺបាត់ឱកាស។ ប៉ុន្តែអ្នកមានៗមិនចូលចិត្តរត់គេចបញ្ហានោះទេ ពួកគេចូលចិត្តតាំងចិត្តជាអ្នកដោះស្រាយបញ្ហាជានិច្ចនិងមើលឃើញតែភាពវិជ្ជមានជាមួយបញ្ហាដែលកើតមានឡើង
៥.ប្រើពេលវេលាអភិវឌ្ឍខ្លួន៖ អ្នកមានប្រើប្រាស់ពេលវេលាយកមកអភិវឌ្ឍខ្លួន ធ្វើអ្វីដែលចំណាយទៅទទួលបានប្រយោជន៍ត្រឡប់មកវិញទោះតិចក្តីច្រើនក្តីនិងមិនសូវ។
៦.ប្រើធនធានបង្កើនទ្រព្យ៖ អ្នកមានប្រើធនធានដើម្បីបង្កើនទ្រព្យ ដូចជាការវិនិយោគជាដើម។ ធនធានដែលពួកគេមានដូចជា ទេពកោសល្យ គំនិត និងការច្នៃរបស់ដែលមានស្រាប់ឱ្យកាន់តែមានប្រយោជន៍។
៧.ការរកស៊ីជាការរៀនសូត្រ៖ សង្គមការងារ ឬការរកស៊ីពួកគេតែងយកមកជាមេរៀនសម្រាប់រៀនសូត្រទោះបីបរាជ័យឬជោគជ័យពួកគេមិនដែលបន្ទោសសង្គមឬបរិយាយកាសជុំវិញដែលធ្វើឱ្យគេជួបរឿងមិនសមបំណងនោះទេ គឺមានតែរកវិធីដោះស្រាយតែមួយមុខគត់។
ជារួមមកវិញមិនមែនអ្នកក្រសុទ្ធតែមិនអាចមាននោះទេ ប៉ុន្តែបើឧស្សាហ៍គិតឱ្យដូចអ្នកមាននោះ វាសនារបស់អ្នកក្រក៏អាចក្លាយជាអ្នកមានដែរ៕