IHOME

កម្ពុជានឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ៣០០លាន$ នៅខែក្រោយនេះ តើពលរដ្ឋទូទៅអាចទិញបានទេ?

នៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើការបោះផ្សាយលក់មូលបត្របំណុលរដ្ឋជាលើកដំបូងក្នុងទំហំសរុបចំនួន ១.២ ទ្រីលានរៀល (ប្រមាណជា ៣០០លានដុល្លារ)។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចុះផ្សាយជាផ្លូវការ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

បើតាមផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា មូលបត្របំណុលគឺតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម​​​ សហ-គ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។

ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានលើកឡើងថា “មូលបត្រប្រភេទខាងលើនេះ ជាទូទៅត្រូវបានគេបម្រុងទុកសម្រាប់វិនិយោគិនធំៗ ដូចជាស្ថាប័នដែលមានលទ្ធភាពវិនិយោគម្ដងរាប់សិនលានដុល្លារ និងជាសមាជិកនៃប្រព័ន្ធរបស់ធនាគារជាតិ”

ឯកឧត្តមបានពន្យល់ថា ដោយសារតែតម្លៃសរុបមានដល់ទៅ ៣០០លានដុល្លារ បើសិនជាមានអ្នកទិញម្នាក់ ១លានដុល្លារ ក៏ត្រូវការមនុស្សដល់ទៅ ៣០០នាក់ ដែលជាចំនួនច្រើនពេកអាចធ្វើឱ្យរដ្ឋពិបាកនឹងគ្រប់គ្រង។ ហេតុនេះហើយទើបមូលបត្របំណុលរដ្ឋ ត្រូវបានគេបម្រុងទុកសម្រាប់តែវិនិយោគិនធំៗ ដូចជាស្ថាប័ន ដែលមានលទ្ធភាពវិនិយោគម្ដងៗរាប់សិបលានដុល្លារតែម្ដង។

តាមន័យនេះមិនមែនមានន័យថាបុគ្គលទូទៅដែលមិនមែនជាស្ថាប័នគ្មានសិទ្ធិទិញមូលបត្របំណុលរដ្ឋឡើយ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ផងដែរថា “​រូបវ័ន្តបុគ្គល (បុគ្គលទូទៅ) ក៏អាចវិនិយោគលើមូលបត្របំណុលរដ្ឋបានដែរ ប៉ុន្តែត្រូវទិញតាមរយៈភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រជំនួសអតិថិជន”

ជាក់ស្ដែងនៅក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋលើកទីមួយនេះ យើងឃើញថា ធនាគារអេស៊ីលីដា​ បានជាប់ជាភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រជំនួសឱ្យអតិថិជន។ ដូច្នេះហើយអ្នកដែលចង់ទិញមូលបត្របំណុលរបស់រដ្ឋ អាចទិញតាមរយៈធនាគារអេស៊ីលីដា ប៉ុន្តែលក្ខខណ្ឌបែបណាខ្លះ យើងមិនទាន់ឃើញខាងធនាគារចេញផ្សាយបញ្ជាក់នៅឡើយទេ។

Facebay