អ្នកមានមហាសាលសល់ទ្រព្យរាប់លាន$ ក៏អាចធ្លាក់ខ្លួនក្រ បើសិនធ្វើកំហុសឆ្គងធំៗ៦យ៉ាងនេះ
ទម្រាំអាចឈានឡើងដល់ចុងត្នោតបានគឺពិតជាពិបាកខ្លាំងបំផុត ប៉ុន្តែបើសិនជាប្រហែសដៃកាន់មិនជាប់តែបន្តិច នឹងធ្វើឱ្យបុគ្គលម្នាក់នោះធ្លាក់ពីលើចុងត្នោតវិញត្រឹមមួយប៉ប្រិចភ្នែក ថាមិនត្រូវគ្រោះថ្នាក់រហូតបាត់បង់ជិវិតក៏ថាបាន។ ការប្រៀបធៀបនេះគឺមានន័យថា ការស្វែងរកភាពជោគជ័យគឺពិបាក ប៉ុន្តែការរក្សាភាពជោគជ័យឱ្យនៅគង់វង្សយូរអង្វែង គឺរឹតតែពិបាក ព្រោះបើសិនប្រហែសតែបន្តិច នឹងត្រូវរលាយសមិទ្ធផលគ្រប់យ៉ាងក៏ថាបាន។ ទន្ទឹមនឹងនេះដែរ ទ្រព្យសម្បត្តិ និងភាពជោគជ័យរបស់មនុស្សក៏ងាយនឹងរលាយទៅវិញដែរ ប្រសិនបើគាត់សាងកំហុសឆ្គងធំៗ៦យ៉ាងនេះ៖
១. ឱ្យលុយគេខ្ចី ឬជួយធានាលុយឱ្យគេ
សូមកុំឱ្យលុយគេខ្ចីប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការទារប្រាក់នោះត្រឡប់មកវិញ ឬបុគ្គលដែលខ្ចីប្រាក់អ្នកនោះគ្មានសមត្ថភាពសងឬមិនមែនជាមនុស្សស្មោះត្រង់។ ការឱ្យលុយគេខ្ចី ដោយមិនមានលិខិតស្នាមច្បាស់លាស់ ការជួយចេញមុខធានាចំពោះនរណាម្នាក់ ដើម្បីឱ្យគាត់អាចទទួលបានកម្ចី គឺសុទ្ធសឹងតែជាកត្តាប្រឈមដ៏ធំ ដែលធ្វើឱ្យបាត់បង់ប្រាក់ កិត្តិយស មិត្តភាព…។
២. លេងល្បែង ស្រា ស្រី
តាំងតែពីដើមមកហើយ គេតែងតែនិយាយថាអបាយមុខទាំង៣នេះគឺនាំឱ្យចង្រៃ និងអាចបាត់បង់អ្វីៗគ្រប់សព្វបែបយ៉ាងដោយសារតែវាផងដែរ ប្រសិនបើបុគ្គលរូបនោះ នៅតែប្រព្រឹត្តយ៉ាងងុបងល់ជាមួយនឹងវា។ ល្បែងនាំឱ្យអន្តរាយទ្រព្យ ស្រានាំឱ្យខូចខាតសុខភាព និងការលួចលាក់មានស្រីខាងក្រៅនាំឱ្យចង្រៃក្នុងគ្រួសារ ខាតសុខភាព ទ្រព្យសម្បត្តិ និងកិត្តិយសផងដែរ។
៣. ការហ៊ឺហារចំណាយខ្ជះខ្ជាយខុសគោលដៅ
ការមានទ្រព្យសម្បត្តិច្រើនជារឿងល្អ និងគួរឱ្យកោតសរសើរបំផុត ប្រសិនបើទ្រព្យទាំងនោះទទួលបានដោយអំពើសុចរិត។ ប៉ុន្តែវាជារឿងគួរឱ្យបារម្ភបំផុត ប្រសិនបើមានទ្រព្យច្រើនហើយ ប៉ុន្តែមានអំនួតអួតសម្ងែងគេ រហូតធ្វើឱ្យការចំណាយលុយកាក់ទ្រព្យសម្បត្តិមិនចំគោលដៅ យកលុយទិញឡានរាប់សិបគ្រឿង ទិញសម្ភារនិយមផ្សេងៗដែលជាបំណុល នោះចុងក្រោយអាចនឹងផុងខ្លួនក្នុងបំណុលក៏ថាបាន។
៤. ការរកស៊ីលើអ្វីដែលគ្មានជំនាញ ជាមួយមនុស្សមិនស្មោះត្រង់
ប្រសិនបើអ្នកចេញរកស៊ីលើអ្វីដែលគ្មានជំនាញ រកស៊ីចូលហ៊ុនតាមគ្នា ជាមួយនឹងមនុស្សដែលគ្មានប្រវត្តិច្បាស់លាស់ គ្មានភាពស្មោះត្រង់ ជាជនបោកប្រាក់ នោះមិនខុសអីពីការយកអំបិល ទៅទម្លាក់ចូលក្នុងទឹកនោះទេ ពោលគឺវានឹងរលាយគ្មានសល់។ រកស៊ីលើអ្វីគ្មានជំនាញ ងាយនឹងដួលរលំបរាជ័យ រកស៊ីជាមួយមនុស្សមិនស្មោះត្រង់ ងាយនឹងបាត់បង់ទ្រព្យព្រោះទង្វើបោកប្រាស់។
៥. ការលែងលះប្ដីប្រពន្ធកម្សត់កម្រ
គេថាផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ត្រូវនឹកដល់អ្នកដាំ ហើយការកសាងគ្រួសារមករាប់ឆ្នាំ ត្រូវចងចាំគ្រាកម្សត់កម្រជាមួយគ្នា។ ការលែងលះគ្នាជាបរាជ័យដ៏ធំក្នុងជីវិតមនុស្ស ព្រោះពេលណាទំនាក់ទំនងមួយឈានដល់ការបែកបាក់ហើយ អ្វីៗគ្រប់យ៉ាងក៏ត្រូវបែងចែកគ្នា និងខ្លះឈានទៅដល់ការរលំរលាយក៏មាន។ ផ្ទះបើពុះជាពីរក៏លែងកក់ក្ដៅ រថយន្ត បើពុះជាពីរក៏ជិះលែងបាន មុខរបរបើចែកជាពីរក៏លែងរឹងមាំ ទ្រព្យធនបើចែកជាពីរក៏អាចប្រឈមនឹងការបាត់បង់យ៉ាងឆាប់រហ័សផងដែរ។
៦. រឿងអាស្រូវបំផ្លាញកិត្តិយស
ពាក្យចចាមអារាម ឬរឿងអាស្រូវគឺពិតជាមានឥទ្ធិពលខ្លាំងណាស់ សម្រាប់បុគ្គលដែលមានយសសក្តិទ្រព្យធន មុខតំណែងតួនាទីធំដុំ។ ជាក់ស្ដែងគ្រាន់តែលេចចេញនូវព័ត៌មានមួយដែលថា មហាសេដ្ឋីចិនត្រូវរដ្ឋា.ភិបាលចិន ដាក់សម្ពាធ រហូតលោកត្រូវបាត់មុខមួយរយៈ និងក្រោយមកលេចព័ត៌មានថា បុរសម្នាក់ឈ្មោះ Ma ដែលមិនច្បាស់អត្តសញ្ញាណផង បែរជាមានអ្នកខ្លះសង្ស័យថាជាមហាសេដ្ឋីចិន លោក Jack Ma ត្រូវបានគេចាប់.ខ្លួន រហូតអង្រួនតម្លៃភាគហ៊ុនក្រុមហ៊ុន និងទ្រព្យសម្បត្តិលោកឱ្យខាតបង់រាប់សិនលានដុល្លារឯនោះ។