Tik Tok កំពុងចរចាលក់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ឱ្យក្រុមហ៊ុន Microsoft
ក្រុមហ៊ុនបណ្ដាញសង្គមយក្សដ៏ល្បីល្បាញរបស់ប្រទេសចិនឈ្មោះថា Tik Tok ហាក់ដូចជាកំពុងតែចាប់ផ្ដើមបើកភ្លើងខៀវកាន់តែច្បាស់ឡើងៗ ក្នុងការលក់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅលើទឹកដីអាមេរិក ដើម្បីជាថ្នូរក្នុងការបន្តដង្ហើមអាជីវកម្មខ្លួននៅលើទឹកដីដែលពោរពេញដោយមូលធនហូរហៀរមួយ។
យោងតាមការចេញផ្សាយដោយ CNBC បានបង្ហើបឱ្យដឹងថា Tik Tok កំពុងចរចារលក់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមិនមែនត្រឹមតែនៅអាមេរិកនោះទេ គឺគម្រោងនឹងលក់បន្ថែមនូវប្រតិបត្តិការណ៍អាជីវកម្មខ្លួនទាំងសរុបចំនួន ៤ប្រទេសតែម្ដងរួមមានដូចជា៖ អាមេរិក កាណាដា អូស្ត្រាលី និង នូវែលសេឡង់ផងដែរ។
យ៉ាងណាមិញ គឺមានក្រុមហ៊ុនយក្សអាមេរិកចំនួនធំៗចំនួន ២ រួមមាន៖ Microsoft និង Oracle ដែល Tik Tok កំពុងតែចរចាតម្លៃ អត្ថប្រយោជន៍ និងតម្រូវការផ្សេងៗជាច្រើនទៀត មុននឹងឈានដល់ការធ្វើកិច្ចព្រមព្រៀង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនលក់រាយយក្ស Walmart ក៏បង្ហាញមហិច្ឆតារបស់ខ្លួន ក្នុងការចង់ក្លាយជាម្ចាស់កម្មសិទ្ធមួយផ្នែករបស់ Tik Tok ផងដែរតាមរយៈការសហការភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Microsoft។
ដោយឡែកចំពោះតម្លៃដែលគេរំពឹងពីកិច្ចព្រមព្រៀងទិញលក់មួយនេះគឺអាចមានតម្លៃចន្លោះពី ២០ពាន់លានដុល្លារ ទៅ ៣០ពាន់លានដុល្លារ ដែលនេះគឺជាតម្លៃទិញលក់ដ៏ខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រ។ យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់បញ្ជាក់អំពីការសម្រេចចុងក្រោយថា នឹងលក់ប្រតិបត្តិការណ៍អាជីវកម្មរបស់ខ្លួនទាំង ៤ប្រទេសនេះទៅឱ្យក្រុមហ៊ុនអាមេរិកណាមួយ ឬក្នុងតម្លៃច្បាស់លាស់ណាមួយនៅឡើយនោះទេ គឺលទ្ធផលចុងក្រោយអាចនឹងសម្រេចប្រកាសជាសាធារណៈនៅក្នុងរយៈពេលខាងមុខឆាប់ៗនេះផងដែរ។
ប្រសិនបើការព្រមព្រៀងនេះអាចរកឃើញចំណុចប្រសព្វគ្នា ឈានទៅដល់ការទិញលក់ពិតមែន នោះប្រហែលជាក្រុមហ៊ុន TikTok អាចនឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនជាងការខាតបង់ ព្រោះគ្រាន់តែក្នុងទីផ្សារអាមេរិកតែមួយប៉ុណ្ណោះ Tik Tok បានក្ដោបក្ដាប់ទីផ្សារជាង ៣០ភាគរយនៃប្រជាជនសរុប ដែលស្មើរនឹងប្រជាជនជាង ១០០លាននាក់ឯនោះកំពុងប្រើប្រាស់កម្មវិធីមួយនេះ។ មួយវិញទៀត បើតាមការរំពឹងទុកនូវប្រាក់ចំណូលរបស់ក្រុមហ៊ុន Tik Tok គឺមានរហូតដល់ទៅជិត ៥០០លានដុល្លារឯនោះ៕
អត្ថប្រយោជន៍ធំចុងក្រោយគឺតម្លៃនៃការលក់នេះតែម្ដងដែលមានតម្លៃរហូតដល់ទៅរាប់ពាន់លានដុល្លារឯនោះ ដែលនេះជាចំនួនធនធានដ៏ច្រើនមហិមាដែល Tik Tok អាចប្រើវាដើម្បីក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំឡើងៗថែមទៀតរឹតតែល្អបំផុត។