IHOME

សូមប្រុងប្រយ័ត្ន! ទីតាំង២នេះបានរកឃើញអ្នកប៉ះពាល់ផ្ទាល់អ្នកវិជ្ជមានកូវីដ១៩អូមីក្រុងសរុប៥នាក់

កាលពីរាត្រីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ជាលើកដំបូង។ ខណៈករណីនេះត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសរូបនេះ បានទៅកំដរអ្នកជំងឺដែលជាបងប្អូន ជីដូនមួយនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ដែលមន្ទីរពេទ្យនោះបានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្ន បុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ ។
 
ក្នុងនោះ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសខាងលើ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាសខេត្ដកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្រ្ដាលីមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរបងប្អូន ជីដូនមួយរបស់គាត់នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ អូមីក្រុង។
 
យ៉ាងណានៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានធ្វើការបញ្ជាក់បន្ថែមទាក់ទងនឹងរឿងនេះផងដែរ។ ដោយលោកជំទាវបានបញ្ជាក់ថា បុរសអាយុ ២៣ ឆ្នាំដែលរកឃើញវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុងនេះ ពុំមានប្រវត្ដិធ្វើដំណើរទៅក្រៅប្រទេសឡើយ ដោយគាត់បានធ្វើដំណើរតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
 
លោកជំទាវបន្ដថា យើងបានស្រាវជ្រាវរកឃើញថា អ្នកដែលមានប៉ះពាល់ផ្ទាល់ជាមួយគាត់នៅផ្ទះរបស់គាត់ក្នុងខេត្ដកំពត គឺមាន៣នាក់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការតាមដាននិងវិភាគពីមន្ទីរពិសោធន៍។ រីឯនៅរាជធានីភ្នំពេញ គឺមានតែ២នាក់ទេ ដែលបានប៉ះពាល់ផ្ទាល់ជាមួយគាត់នោះ (អ្នកវិជ្ជមាន) ហើយក៏កំពុងស្ថិតនៅលើការរង់ចាំលទ្ធផលនៃមន្ទីរពិសោធន៍ផងដែរ។ ក្រៅពីនោះយើងអត់ទាន់មានព័ត៌មានអ្វីស្ដីអំពីគាត់ទៅពាក់ព័ន្ធ។ ដូច្នេះមានន័យថា មកដល់ពេលនេះកម្ពុជាបានរកឃើញអ្នកប៉ះពាល់ផ្ទាល់អ្នកវិជ្ជមានកូវីដ១៩ អូមីក្រុងនេះសរុប ៥ នាក់នៅ ២ ទីតាំងផ្សេងគ្នា។
 
ជាចុងក្រោយលោកជំទាវក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ កុំភ្លេចខ្លួនឲ្យសោះ និងចូលរួមបន្ដអនុវត្ដវិធានការ ៣កុំ ៣ការពារ ឲ្យបានហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការឆ្លងនៃវីរុសកូវីដ១៩ ពិសេសគឺពពួកអូមីក្រុងនេះឯង។ ក្នុងនោះលោកជំទាវក៏បានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការចាក់វ៉ាក់សាំងផងដែរ៕
 
Facebay