IHOME

ប្រយ័ត្នស្ដាយក្រោយ! សូមបន្តការពារទាំងអស់គ្នា អូមីក្រុងចូលមកដល់កម្ពុជាកាន់តែច្រើនហើយ

បើមិនចូលរួមការពារទាំងអស់គ្នាទេប្រយ័ត្នស្ដាយក្រោយ អូមីក្រុងកំពុងវាយលុកចូលមក ដល់កម្ពុជាកាន់តែច្រើន ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួនហាក់មិនសូវខ្វល់ ខណៈរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់កុំឱ្យជំងឺថ្មីនេះ ហូរចូលទៅក្នុងសហគមន៍។

ការនាំចូលជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង នៅតែបន្តកើនឡើងឥតស្រាក់ស្រាន ចាប់តាំងពីជំងឺនេះត្រូវបាននាំចូល និងរកឃើញលើស្រ្តីខ្មែរដែលធ្វើដំណើរពីអាហ្រិកខាងលិច និងមកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ បន្តបន្ទាប់មក ជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ត្រូវបានហូរចូលតាមរយៈជើងហោះហើរសំខាន់ៗរបស់កម្ពុជាដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋាននៅខេត្តសៀមរាបជាដើម។
 

គិតរហូតមកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលដែល Business Cambodia ទទួលបាន ករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន១៨នាក់ផ្សេងទៀត សុទ្ធតែប្រភេទវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងនាំចូលទាំងអស់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីអូមីក្រុងកើនឡើងជាង១០០ករណីហើយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកំពុងរៀបចំយុទ្ធសាស្រ្តផ្សេងៗ និងយកចិត្តទុកដាក់ខ្ពស់ដើម្បីទប់ស្កាតការចម្លងចូលទៅក្នុងសហគមន៍នៃវីរុសអូមីក្រុង។

កាលពីវេលាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដោយមិនអនុញ្ញាតឱ្យអ្នកវិជ្ជមានកូវីដ-១៩ថ្មីអូមីក្រុង សម្រាកព្យាបាលនៅតាមផ្ទះផ្ទាល់ខ្លួន ទោះមានឋានៈណាក៏ដោយគឺត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឬនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា គ្រប់អ្នកដែលឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ដោយគ្មានការលើកលែង ដោយសារតែជំងឺមួយប្រភេទនេះ មានការចម្លងលឿន។ ក្នុងន័យនេះ សម្ដេចបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «បើហ៊ានតែចូលក្នុងសហគមន៍ ត្រូវបិទបន្ដទៀត ដើម្បីកាត់ផ្ដាច់ គឺមានតែពិធីតែមួយគាត់ គឺឲ្យនៅផ្ទះតែម្ដង»។ ក្នុងនោះ សម្ដេចក៏សូមឲ្យមានការយោគយល់ពីសំណាក់អ្នកជំងឺកូវីដ១៩ អូមីក្រុងទាំងអស់ឲ្យទៅសម្រាកនៅមន្ទីរទេព្យ។

គួរបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាតការចម្លងចូលវីរុសអូមីក្រុងចូលក្នុងសហគមន៍ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ អនុវត្តវិធានការ៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែសឱ្យសោះ ព្រោះកូវីដ-១៩ឆ្លងគ្មានស្គាល់អ្នកមានឬអ្នកក្រឡើយ៕

 

Facebay