IHOME

ភាពជោគជ័យនិងបរាជ័យរបស់ភ្នាក់ងារអចលនវត្ថុ

លោកស៊ីប៉ាវ ម៉េងហ៊ប្រាប់ពីចំណុចស្រួចស្រាវក្នុងចន្លោះភាពជោគជ័យនិងបរាជ័យរបស់ភ្នាក់ងារអចលនវត្ថុ

ភ្នំពេញៈ ជាភ្នាក់ងារអចលនទ្រព្យអាជីព​ និងចង់ទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ​ លោកស៊ីប៉ាវ ម៉េងហ៊ បានចែករំលែកនូវគន្លឹះខ្លះៗ ដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យនេះ។
លោកស៊ីប៉ាវ ម៉េងហ៊បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មានត្រឹមភាពអំណត់ ស្មោះត្រង់ និងការទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន វាជាកត្តាសំខាន់ ក្នុងការងារជា​ភ្នាក់ងារ​លក់អចលនទ្រព្យ ប៉ុន្តែនៅមិនទាន់ប្រាកដថាអាចទទួលបានជោគជ័យលើការលក់១០០ភាគរយនៅឡើយនោះទេ។

លោកថា អ្នកដែលជាភ្នាក់ងារលក់អចលនទ្រព្យ អាចទទួលបានអត្រាជោគ​ជ័យខ្ពស់ និងទទួលបានប្រាក់កម្រៃជើងសារពីការលក់ពិតប្រាកដ គឺអ្នកដែលមានភាព​វៃឆ្លាតពាក់ព័ន្ធទៅនឹងភាពស្គាល់ច្បាស់ចំណុចចំនួន៣ ដូចជា ទី១ ស្គាល់ម្ចាស់ទ្រព្យឬម្ចាស់អចលនវត្ថុផ្ទាល់ ទី២ ស្គាល់ពីអតិថិជនគោលដៅពិតប្រាកដ និងទី៣ អ្វីដែលសំខាន់ចុងក្រោយគឺស្គាល់ច្បាស់ពីតម្លៃទីផ្សារយ៉ាងពិតប្រាកដ។
លោកស៊ីប៉ាវ ម៉េងហ៊បានលើកជាឧទាហរណ៍ថា  ប្រសិនបើភ្នាក់ងារលក់ស្គាល់ម្ចាស់ដី ដែលចង់លក់ដោយផ្ទាល់ ហើយស្គាល់អ្នកទិញពិត​ប្រាកដ​ដោយផ្ទាល់ដូចគ្នា ដូច្នេះឱកាសនៃការណែនាំលើការទិញ-លក់មានឱកាសលើសពី៥០ភាគរយរួចជាស្រេ​ចហើយ។
លោកបន្តថា “នៅពេលដែលបានស្គាល់ពី​តម្លៃ​ទីផ្សារយ៉ាងច្បាស់ រឹតតែជាចំណុចសំខាន់ ដែលអាចជួយចរចាភាគីទាំង២ងាយចុះសម្រុង និងអាចទទួលបានផលប្រយោ​ជន៍គ្រប់​ភាគីបាន​ក្នុងរយៈ​ពេល​ដ៏ខ្លី”។
លោក បានបន្តថា បើគ្រាន់តែឮគេប្រាប់ថា មានគេចង់លក់ដីតំបន់នេះ ទាំងដែលដីមិនទាន់បានឃើញ មិនបានស្គាល់ម្ចាស់ពិត ហើយរឹតតែមិនបាន​ស្គាល់​អតិថិជន​គោលដៅទៀត។ ដូច្នេះការណែនាំលើការទិញលក់ គ្មានភាគរយខ្ពស់នោះទេ ហើយប្រសិនបើមិនបានដឹង ពីតម្លៃទីផ្សារក្នុងតំបន់ច្បាស់ទៀត នោះភាព​បរាជ័យនឹងរំ​កិលមកជិតខ្លួនជាក់ជាមិនខាន ឬអាចនិយាយបានការព្យាយាម បានត្រឹមចំណាយពេលឥតប្រយោជន៍។
មានន័យថា នៅពេលអ្នកមិនបានស្គាល់ទ្រព្យដែលចង់លក់ផ្ទាល់ ពោលគឺដឹងតាមគេប្រាប់នោះ អ្នកនឹងមិនអាចបានដឹងពីតម្លៃដែលម្ចាស់ចង់លក់ពិត ដែលអាចឆ្លងកាត់កម្រៃជើងសារមួយតង់ពីអ្នកប្រាប់ ហើយប្រសិនបើអ្នកមិនបានស្គាល់ពីតម្លៃលើទីផ្សារក្នុងតំបន់ រឹតតែពិបាកក្នុងការណែនាំភ្ញៀវថែមទៀត ដែល​កាន់តែធ្វើភាគរយទទួលបានជោគជ័យឃ្លាតទៅកាន់តែឆ្ងាយ។
លោកបន្តថា “ជាធម្មតាអ្នកលក់ចង់បានតម្លៃថ្លៃ អ្នកទិញចង់បានតម្លៃទាបជាងទីផ្សារ ដូច្នេះភាគរយ​នៃ​​ការ​ចរចា​នឹង​មិនអាចត្រូវគ្នានោះឡើយ។ នេះហើយជាកត្តានាំឲ្យកើតមានភាពបរាជ័យរបស់ភ្នាក់ងារអចលនទ្រព្យ”៕

Facebay