IHOME

ក្រសួងរកឃើញក្រុមមនុស្សដែលមានអត្រាឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន

តាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា បច្ចុប្បន្នអត្រានៃអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ គឺភាគច្រើនកើតឡើងសម្រាប់អ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង។
លោកជំទាវបញ្ជាក់ថា «យោងតាមការស្រាវជ្រាវ និងសង្កេតយ៉ាងម៉ត់ចត់ របស់ក្រុមការងារ គ.វ.ក១៩ បានបង្ហាញថា ភាគច្រើននៃអ្នកដែលបានទទួលមរណភាពដោយវីរុសកូវីដ-១៩ នោះ គឺជាបុគ្គល ឬក្រុមដែលមិនព្រមទទួលវ៉ាក់សាំង។ ហេតុដូច្នេះហើយការវ៉ៃលុករបស់វីរុសក៏កាន់តែលឿនផងដែរ ព្រោះនៅក្នុងសរីរាង្គពុំមានអ្វីការពារទាល់តែសោះ»។
លោកជំទាវបានសង្កត់ធ្ងន់ថា «នៅពេលដែលគ្រប់គ្នាចាក់អស់ នៅសល់តែយើងប៉ុន្មាននាក់នេះ មានន័យថា បើមានករណីឆ្លងវិញ វីរុសគឺប្រាកដជារត់ទៅរកអ្នកមិនទាន់បានចាក់វ៉ាក់សាំងមុនហើយៗនឹងប្រឈមនូវភាពធ្ងន់ធ្ងរនៃសុខភាព និងប្រឈមនឹងការស្លាប់ខ្ពស់”។
ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ឬមិនព្រមចាក់ ត្រូវធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងឱ្យបានលឿន ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ជាពិសេសគឺមនុស្សនៅជុំវិញខ្លួនអ្នក។

សូមជម្រាប់ផងដែរថា គិតត្រឹមថ្ងៃទី១២ ខែតុលា​ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាបានកើនឡើងសរុបចំនួន ១១៥,៦០៧ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសចំនួន ១០៩,២៩៦ នាក់ និងអ្នកជំងឺចំនួន ២,៥៥៩ នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕
Facebay