IHOME

រដ្ឋបាលរាជធានីភ្នំពេញប្រកាសចាក់ដូសទី៣ ប៉ុន្តែអ្នករស់នៅក្នុងខណ្ឌទាំង៣នេះត្រូវរង់ចាំសិន

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

នៅក្នុងលិខិតនោះ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ចាប់ដំណើរការចាក់វ៉ាក់សាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅក្នុងមូលដ្ឋាន ១១ខណ្ឌ (សម្រាប់ប្រជាពលរដ្ឋ ដែលទទួលវ៉ាក់សាំងមានគម្លាតរយៈពេល ០៤ខែ គិតចាប់កាលបរិច្ឆេទនៃការចាក់វ៉ាក់ដូសទី២)។ចំពោះការចាក់នេះត្រូវបានបែងចែកជា២ក្រុម ដោយ៖
 - ដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងចាប់ផ្តើមនៅវេលា០៨.០០នាទី ព្រឹម រួមមាន៖ ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងខណ្ឌសែនសុខ។
- ដោយក្រុមគ្រូពេទ្យយោធានៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិនឹងចាប់ផ្តើមនៅវេលាម៉ោង១៤.០០នាទី រសៀល រួមមាន៖ ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៏សែនជ័យ (ចំពោះប្រជាពលរដ្ឋដែលធ្លាប់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទត្រូវទៅទទួលវ៉ាក់សាំងនៅទីតាំងដែលក្រុមគ្រូពេទ្យយោធា បានរៀបចំសម្រាប់ដូសជំរុញ)។

ចំណែកឯប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង៣ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ត្រូវរង់ចាំរហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ (សម្រាប់ប្រជាពលរដ្ឋ ដែលទទួលវ៉ាក់សាំងមានគម្លាតរយៈពេល ០៤ខែ គិតចាប់កាលបរិច្ឆេទនៃការចាក់វ៉ាក់ដូសទី២)។

គូសបញ្ជាក់ថា៖ ចំពោះប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយ៖ 
១.ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ 
២.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ពោលគឺធានានូវគម្លាតរយៈពេល០៤ខែគិតចាប់ពីកាលបរិច្ឆេទននៃការចាក់វ៉ាក់សាំងដូសទី២។

Facebay