IHOME

ក្រសួងកសិកម្មបញ្ជាក់ ការនាំចេញអង្ករធ្លាក់ចុះចំនួន -១៥,៩៧% ព្រោះខ្វះទូរកុងតេន័រនិងតម្លៃដឹកជញ្ជូនឡើងថ្

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ត្រឹមរយៈពេល៩ខែក្នុងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញសរុបចំនួន ៥ ៩៣២ ៩២៣,៤៣ តោន ទៅកាន់ទីផ្សារប្រទេសចំនួន ៦៨​ នៅលើពិភពលោក។ ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា ការកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨,៤៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ត្រឹមតែ ៣ ១៤៧ ៦៩១,៨៦ តោន តែប៉ុណ្ណោះ។ នេះយោតតាមការចុះផ្សាយរបស់ឯកឧត្តម វេង សាខុន នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

ដោយឡែកការនាំចេញអង្ករកម្ពុជា​មានចំនួន ៤១០ ៦៩៨ តោន ថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) ធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៩ខែឆ្នាំ២០២០ កន្លងទៅ មានចំនួន ៤៨៨ ៧៧៥ តោន។ ក្នុងនោះ ការនាំចេញអង្ករក្នុងខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៦៧ ២៥១ តោន កើនឡើងចំនួន ២៦ ៦៧៩ តោន (៦៥,៧៦%) បើធៀបនឹងខែកញ្ញា ឆ្នាំ២០២០ មានត្រឹមតែចំនួន ៤០ ៥៧២ តោនប៉ុណ្ណោះ។ លើសពីនេះទៀត អង្ករក្រអូបគ្រប់ប្រភេទចំនួន ២៨៨ ៨៣១ តោន ស្មើនឹង ៧០,៣៣% អង្ករសគ្រប់ប្រភេទចំនួន ១១៤ ៤៦៩តោន ស្មើនឹង ២៧,៨៧% និងអង្ករចំហុយមានចំនួន ៧ ៣៩៨ តោន ស្មើនឹង ១,៨០%។
 

អង្ករនាំចេញទៅសហភាពអឺរ៉ុបចំនួន ២២ ប្រទេសសរុបចំនួន ១០៤ ២២២តោន (ថយចុះចំនួន ៥៧ ៣៩២ តោន ស្មើនឹង -៣៥,៥១%) ទៅប្រទេសចិនសរុបចំនួន ២០៣ ២៧៩ តោន (កើនឡើងចំនួន ៣១ ៣៨៣ តោន ស្មើនឹង ១៨,២៦%) ទៅបណ្ដាប្រទេសអាស៊ានចំនួន ៧ប្រទេសសរុបចំនួន ៤១ ៤៧៦ តោន(ថយចុះចំនួន ២៥ ៩៥៧ តោន ស្មើនឹង -៣៨,៤៩%) និងនាំទៅបណ្ដា ២៣ប្រទេសផ្សេងទៀត ចំនួនសរុប ៦១ ៧២១ តោន (ថយចុះចំនួន ២៦ ១១១តោន ស្មើនឹង -២៩,៧៣%)។ ទន្ទឹមនេះ ក្រុមហ៊ុននាំចេញអង្ករមានចំនួន ៥៩ ក្រុមហ៊ុន ហើយចំនួនអង្គរដែលក្រុមហ៊ុនធំៗ១០ មានរហូតដល់ ២៩៩ ៥៣៣ តោន (៧២,៩៤%) និងក្រុមហ៊ុន៤៩ ទៀតបាននាំចេញត្រឹមតែ ១១១ ១៦៥ តោន (២៧,០៦%)។

ក្រសួងបានបញ្ជាក់ផងដែរថា ការនាំចេញអង្ករមានការថយចុះចំនួន -១៥,៩៧% ដោយសារ កម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទទូរកុងតេន័រដែលមានទំហំ២០ហ្វិតសម្រាប់ផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនកើនឡើង នេះបើយោងសេចក្តីរាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕ 

Facebay