IHOME

ផ្លូវជាតិលេខ៤បើកបរលែងវេទនាទៀតហើយ ខណៈឯ.ឧ ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗពីការបើកការដ្ឋាន

ផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិមួយខ្សែដែលដ៏មមារញឹកខាងផ្នែកសេដ្ឋកិច្ចជាងគេ ក្នុងការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែក្នុងខេត្តព្រះសីហនុ តាមគម្រោងការណ៍ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុនេះ នឹងត្រូវពង្រីកទទឹងពី ៧ម៉ែត្រ ទៅ១១ម៉ែត្រ ក្រោយទទួលបានការអនុម័តហិរញ្ញប្បទាន ពីធនាគារពិភពលោកប្រមាណ ១១០លាន ដុល្លារអាមេរិក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថា៖ ផ្លូវជាតិលេខ៤ នឹងត្រូវស្តារ ពង្រីកពីភ្នំពេញទៅខេត្តព្រះសីហនុ ផ្លូវនេះភាគច្រើនគឺ៧ម៉ែត្រទេ អ៊ីចឹងយើងត្រូវពង្រីកទៅ១១ម៉ែត្រ។ យើងមានថវិកាមកពីធនាគារពិភពលោកហើយ យើងក៏បានបែងចែកថវិកានោះជា៥កញ្ចប់ ខុសៗគ្នា ដោយកញ្ចប់ទី១,២,៣ យើងបានចុះកិច្ចព្រមព្រៀមរួចរាល់ហើយ ដោយសង្ឃឹមថានឹងបើកការដ្ឋានចាប់ពីគីឡូម៉ែត្រលេខ១៩ ពីកំបូលឡើងទៅប្រហែលជិត១៥០គីឡូម៉ែត្រ យើងនឹងបើកការដ្ឋាននៅពេលដែលចប់រដូវវស្សា។ ឯកឧត្តមមានប្រសាសន៍បន្តថា៖ មួយកំណាត់ទី៤ គឺយើងកំពុងរៀបចំដាក់ដេញថ្លៃ ឬឯកំណាត់ទី៥ គឺប្រហែលជា២៨គីឡូម៉ែត្រទេ រហូតទៅក្រុងព្រះសីហនុ យើងបានបើកការដ្ឋានកាលពីម្សិលមិញ ដើម្បីស្តារផ្លូវជាតិលេខ៤របស់យើងហើយ។
 

តាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល កន្លងមកធ្លាប់បានឱ្យដឹងថា៖ គម្រោងស្តារនិងពង្រីកផ្លូវជាតិនេះ នឹងផ្តោតទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំ ដែលមានស្រាប់ កាត់បន្ថយហានិភ័យ នៃការដឹកលើសទម្ងន់ ការដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនបើកបរផងដេរ។

គួរជម្រាបបន្ថែមថា៖ ផ្លូវជាតិលេខ៤ ដែលមានប្រវែងជាង២៣០គីឡូម៉ែត្រនេះ ជាផ្លូវដ៏សំខាន់សម្រាប់ផ្សារភ្ជាប់សរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជា និងជាផ្លូវអាស៊ានមួយខ្សែរ ដែលមានសក្តានុពលខ្លាំងជាងបណ្តាផ្លូវជាតិផ្សេងៗទាំងអស់ ដោយបានភ្ជាប់ពីតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅ។

បើគិតត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវជាតិលេខ ៤ បាននឹងកំពុងតែមានទាក់ទាញវិស័យវិនិយោគពីវិនិយោគិនក្នុងស្រុក និងក្រៅស្រុកជាច្រើន ទាំងលើគម្រោងដីឡូត៍ គម្រោងលំនៅដ្ឋាន និងការប្រកបអាជីវកម្មផ្សេងៗជាច្រើនទៀតនៅតាមដងផ្លូវជាតិមួយនេះ។

Facebay