IHOME

កាន់តែមានពន្លឺហើយ! ថៃនិងជប៉ុន ត្រៀមបញ្ចេញអាវុធថ្មីកម្ចាត់មេរោគកូវីដ១៩ចេញពីភពផែនដី

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post បានឱ្យដឹងថា​ បច្ចុប្បន្នប្រទេសថៃបាននឹងកំពុងប្រឹងប្រែងស្រាវជ្រាវផលិតវ៉ាក់សាំងថ្មីមួយ ដែលអាចចាក់បញ្ចូលទៅក្នុងខ្លួនមនុស្សតាមរយៈច្រមុះបានហើយថៃគ្រោងនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងថ្មីនេះទៅលើមនុស្សនៅចុងឆ្នាំនេះ បន្ទាប់ពីលទ្ធផលជោគជ័យក្នុងការសាកល្បងទៅលើសត្វកណ្តុរ។

ប្រភពដដែលបានបន្តឱ្យដឹងថា​ វ៉ាក់សាំងថ្មីដែលប្រទេសថៃកំពុងស្រាវជ្រាវនេះត្រូវបង្កើតឡើងដោយមជ្ឈមណ្ឌលជាតិវិស្វកម្មហ្សែននិងបច្ចេកវិទ្យាជីវសាស្រ្ត។ក្នុងនោះ វ៉ាក់សាំងថ្មីនេះត្រូវបានគេដឹងថាមិនត្រឹមតែមានប្រសិទ្ធភាពប្រឆាំងជាមួយវីរុសកូវីដ១៩ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចប្រឆាំងជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី​ Delta បានថែមទៀតផង។
 

ជាមួយគ្នានោះដែរ ឥលូវនេះមិនមែនមានតែប្រទេសថៃនោះទេដែលកំពុងតែស្រាវជ្រាវវ៉ាក់សាំងដែលបញ្ចូលទៅក្នុងខ្លួនមនុស្សតាមរយៈច្រមុះ សូម្បីតែក្រុមហ៊ុន Shionogi នៅក្នុងប្រទេសជប៉ុនក៏បាននឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងកូវីដ១៩បាញ់ចូលតាមច្រមុះដោយប្រទេសជប៉ុនសង្ឃឹមថាវ៉ាក់សាំងថ្មីនេះនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយរបស់វេបសាយ NIKKEI Asia

ចំពោះក្រុមហ៊ុន Shionogi មានកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន HanaVax ដើម្បីបង្កើតវ៉ាក់សាំងបាញ់តាមច្រមុះដោយប្រើប្រព័ន្ធចែកចាយថ្នាំដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន។ មិនតែប៉ុណ្ណោះបច្ចេកវិទ្យានេះប្រើសារធាតុpolysaccharide ដើម្បីបញ្ជូនវ៉ាក់សាំងតាមច្រមុះដែលជួយបង្កើនភាពស៊ាំនៅក្នុងប្រព័ន្ធដង្ហើម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមានប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតវ៉ាក់សាំងចាក់បញ្ចូលតាមច្រមុះដើម្បីជួយការពារនិងព្យាបាលជំងឺកូវីដ -១៩ ដោយហេតុថាវិធីចាក់បញ្ចូលតាមច្រមុះជាវិធីល្អ ដោយសារស្រទាប់ច្រមុះត្រូវបានគេកំណត់ថាជាចំណុចចូលដ៏សំខាន់នៃមេរោគទាំងឡាយ៕

Facebay