IHOME

អបអរផង! គ្រប់សាលានៅទូទាំងខេត្ត១នេះ នឹងបើកឲ្យចូលរៀនវិញនៅថ្ងៃទី២០ខាងមុខ

មុននេះបន្តិចរដ្ឋបាលខេត្តកំពង់ចាមបានជូនដំណឹងថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅនៅទូទាំងខេត្តកំពង់ចាម នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ ហើយការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនេះ ត្រូវបំពេញវិធានអនាម័យរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ 
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យឡើង និងពុទ្ធិកសិក្សានឹងបើកដំណើរការឱ្យចូលរៀនចាប់ពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ គ្រោងនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។ 

ទន្ទឹមនឹងការបើកឱ្យដំណើរការគ្រឹះស្ថានសាធារណៈ និងឯកជនកម្រិតអនុវិទ្យាល័យ និងពុទ្ធិកសិក្សា ត្រូវបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសំដៅធ្វើយ៉ាងណាអាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានគិតគូវពីការវាយតម្លៃក្នុងការបើកគ្រឹះសា្ថនសិក្សាកម្រិតបឋមឡើងវិញផងដែរនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ប្រសិនបើការដំណើរការកម្រិតអនុវិទ្យាល័យឡើងមិនមានបញ្ហាប្រឈមកើតឡើង។ 
គូសបញ្ជាក់ផងដែរថា សិស្សានុសិស្សត្រូវគោរពតាមការគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលក៏ត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំការឆ្លើយតបបន្ទាន់ក្នុងករណីមានការសង្ស័យ និងរកឃើញសញ្ញាណណាមួយនៃការចម្លងក្នុងសាលារៀន៕
 
Facebay