IHOME

មកស្គាល់ផ្លូវថ្មី ២ ខ្សែ ដែលនឹងចូលខ្លួនសម្រួលការធ្វើដំណើរក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម២០២៣

នៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្ដិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ខណៈបច្ចុប្ប​ន្នយើងបានកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡា និងគុណភាពកីឡាករ។ ក្នុងនោះពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ពហុកីឡដ្ឋានជាតិមរតកតេជោ ក៏ទើបនឹងបានសាងសង់រួចរាល់ផងដែរ។

យ៉ាងណាដើម្បីសម្រួលដល់ការធ្វើដំណើររបស់កីឡាករ កីឡាការនី និងអ្នកគាំទ្រ ទៅកាន់ពហុកីឡដ្ឋានជាតិដើម្បីទស្សនាការប្រកួត រដ្ឋបាលរាជធានីភ្នំពេញក៏បានធ្វើសាងសង់ផ្លូវថ្មីចំនួន ២ ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និង សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈបច្ចុប្បន្នកំពុងស្ថាបនាយ៉ាងមមាញឹក។
 

ជាមួយគ្នានេះ ដើម្បីជំរុញការងារស្ថាបនាផ្លូវទាំង២ខ្សែនេះឲ្យបានលឿន ទៅតាមគម្រោងដែលបានគ្រោងទុក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សា ទៅលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ប៉ះពាល់នឹងគម្រោងនៃការស្ថាបនាផ្លូវទាំងពីរខ្សែនេះ។ នេះយោងតាមការដកស្រង់ពីក្រសួងព័ត៌មាន។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណៈកម្មការដឹកនាំនៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ បានជំរុញឲ្យអនុគណៈកម្មការបច្ចេកទេសដែលដឹកនាំដោយលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី និងលោក មាន ចាន់យ៉ាដា ដែលជា អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ ត្រូវអនុវត្តការងារនេះឲ្យបានលឿននិង ទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារនៃការស្ថាបនាផ្លូវ អនុវត្តការងារឲ្យបានលឿន មិនមានការរាំងស្ទះ ។ ចំពោះផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ ៦អា រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុង១ខ្សែៗមានប្រវែងជិត ១០គីឡូម៉ែត្រ ដែលមានទទឹង១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង ។ ក្រៅពីការស្ថាបនាផ្លូវនេះ មន្ទីរក៏ដាក់បណ្តាញលូនៅសងខាងផ្លូវទំហំជាង១ម៉ែត្រ ហើយខ្សែផ្លូវខ្លះយើងដាក់លូជាអក្សរអ៊ុយ(U)នៅកណ្តាលទ្រូងផ្លូវតែម្តង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ៕
 

Facebay