IHOME

ក្រូចឆ្មារដូចគ្នាសោះ ហេតុអ្វីក្រូចឆ្មារអូស្រ្តាលីពូជនេះតម្លៃរហូតដល់ ៦០ដុល្លារ/គីឡូ មានអ្វីពិសេស

ស្ថិតក្នុងអម្បូរជាមួយក្រូចឆ្មារ ក្រូច Australasicaភាសាសាមញ្ញហៅថាក្រូចម្រាមដៃ ឬក្រូចពងត្រី ជាក្រូចដែលមានដើមកំណើតនៅប្រទេសអូស្រ្តាលី។ ក្រូចមួយប្រភេទនេះមានក្លិនក្រអូបឈ្ងុយខុសពីក្រូចធម្មតា វាត្រូវបានគេប្រើប្រាស់ជាគ្រឿងផ្សំក្នុងម្ហូបអាហារ ភេសជ្ជៈផ្សេងៗ។ នៅប្រទេសថៃបច្ចុប្បន្នកសិករកពុងនាំគ្នាដាំក្រូចនេះដើម្បីបំពេញតម្រូវការទីផ្សារ។
ចំពោះលក្ខណៈដើមរបស់ក្រូច Australasicaគឺមានដើមស្រដៀងទៅនឹងដើមក្រូចឆ្មារ មានផ្កាពណ៌ស មានកម្ពស់ចាប់ពី ៥-៦ ម៉ែត្រមានស្លឹកតូចៗ រាងរលោងមានចុងស្រួច។ ក្រូច Australasica មានពូជជាច្រើនប្រភេទខុសគ្នា ទើបធ្វើឲ្យផ្លែរបស់វាមានពណ៌នឹងរស់ជាតិខុសៗពីគ្នា។
រយៈពេលប្រមាណជា ៤ ទៅ​ ៥​ ឆ្នាំមកនេះ ប្រជាជនថៃដែល អ្នកដែលធ្លាប់ចាប់របរជាអ្នកដាំក្រូចឆ្មារ បានងាកមកដាំក្រូច Australasica នេះវិញពីព្រោះក្រូចនេះមានតម្លៃថ្លៃ ហើយកំពុងមានតម្រូវការទីផ្សារខ្ពស់ជាងក្រូចឆ្មារ ដោយសារតែក្រូចប្រភេទនេះមិនសូវសម្បូរមានលក់នៅលើទីផ្សារ ទើបជាហេតុនាំឲ្យការផ្គត់ផ្គង់នៅលើទីផ្សារមិនទាន់គ្រប់គ្រាន់។ ពីមួយឆ្នាំទៅមួយឆ្នាំ ថៃបាននាំចូល ពូជក្រូចនេះ ពីក្រៅប្រទេសដើម្បីយកមកលក់ឲ្យកសិករក្នុងស្រុករាប់សិបដើម ហើយពូជរបស់ក្រូចនេះគឺមានតម្លៃថ្ងៃណាស់។
ស្ថិតក្នុងចំណោមកសិករជាច្រើនដែលដាំក្រូច Australasica លោក Ajarn Sitthidet Ongphaoជាកសិករម្នាក់ដែលបានដាំក្រូច Australasica នៅក្នុងចំការរបស់លោកដែលមានឈ្មោះថា Cha Mod Gardenស្ថិតនៅឃុំTha Bua ស្រុក Pho Thale ខេត្ត Phichit ។ លោក Ajarn Sitthidet Ongphaoបានឲ្យដឹងថា ដំបូងឡើយក្នុងចំការរបស់លោកមានដាំតែក្រូចឆ្មារប៉ុណ្ណោះ ប៉ុន្តែដោយបច្ចុប្បន្នទីផ្សារក្រូចឆ្មារបានធ្លាក់ថ្លៃ លោកក៏សម្រេចចិត្តផ្លាស់ប្តូរពូជ ក្នុងការដាំដុះ ដោយដាំក្រូច Australasica នេះជំនួសវិញម្តង។ 

ឆ្លងកាត់ការសាកល្បងដាំក្រូច Australasica អស់រយៈពេល ២ ឆ្នាំមកនេះឃើញថា លោក Ajarn Sitthidet Ongphaoបានដកពិសោធន៍នូវប្រភេទពូជក្រូចជាច្រើន ពីព្រោះលោកចង់ដឹងថា តើប្រភេទណាមួយដែលអាចដាំបានធន់ទៅនឹងអាកាសធាតុប្រទេសថៃ និងមានតម្រូវការខ្ពស់នៅលើទីផ្សារ។ បន្ទាប់ពីធ្វើការដាំដុះសាកល្បងមក កសិករថៃក៏បានរកឃើញពូជក្រូច Australasica ចំនួន ៤​ប្រភេទដែលធន់ទៅនឹងអាកាសធាតុក្តៅ និងជំងឺបានមានដូចជា៖

១. ពូជ "Byron Sunrise " ដែលនឹងមានសាច់ពណ៌ក្រហម - ពណ៌ផ្កាឈូក។

២. ពូជ "The Emerald" សាច់គឺពណ៌បៃតង។

៣. ពូជ "Mia Rose" សំបកពណ៌ក្រហម - ពណ៌ស្វាយ សាច់មានពណ៌ផ្កាឈូកខ្មៅ - ក្រហម។

៤. ពូជ "Rick Red " មានសាច់ក្រហម។
 

លោក Ajarn Sitthidet Ongphaoបានឲ្យដឹងថា ក្រូច Australasica គឺយើងអាចដាំដុះនៅក្នុងលូស៊ីម៉ងត៍ដូចជាក្រូចឆ្មារដែរ ហើយវាអាចធន់ទៅនឹងអាកាសខ្ពស់អាចដល់ ៣៩ ទៅ ៤២ អង្សា។ ក្រូចនេះ មានអាយុកាលនៃការដាំដុះខុសៗគ្នាទៅតាមប្រភេទពូជនីមួយៗ ពូជខ្លះអាយុកាលតែ ១ ឆ្នាំអាចទទួលផល ចំណែកឯពូជខ្លះទៀតមានអាយុកាលចាប់ពី ២ ទៅ ៣ ឆ្នាំទើបបានផល។ ក្នុងមួយដើមក្រូចនេះអាចបានផលផ្លែចាប់ពី ២ ទៅ​ ៣ គីឡូ ហើយក្នុង ១ គីឡូយើងអាចលក់បានតម្លៃ ៦០ ដុល្លារ ជាតម្លៃដែលថ្លៃទើបធ្វើឲ្យកសិករថៃកំពុងចាប់អារម្មណ៍ខ្លាំង។

កសិករថៃ លោក Ajarn Sitthidet Ongphao បាននិយាយថា “ខ្ញុំទើបតែដាំក្រូចនេះរយៈពេល ២ ឆ្នាំ មកដល់ឆ្នាំនេះជាឆ្នាំដែលទទួលផលលើកដំបូង ដូច្នេះហើយការប្រមូលផលលើកទីមួយនេះ លោកមិនទាន់រកប្រាក់ចំណេញឃើញទេ ដោយសារតែក្រូចនេះនៅពេលដាំយើងត្រូវចំណាយទុនច្រើនក្នុងការទិញពូជ ពីព្រោះពូជនេះយើងត្រូវនាំចូលមកពីប្រទេសអូស្រ្តាលី ទើបតម្លៃរបស់វារាងថ្លៃ ប៉ុន្តែខ្ញុំសង្ឃឹមថា ការប្រមូលផលនៅឆ្នាំបន្ទាប់ៗទៀតខ្ញុំនឹងអាចរកប្រាក់ចំណេញឃើញពីព្រោអទីផ្សារក្រូចនេះកាន់តែត្រូវការច្រើនពីមួយឆ្នាំទៅមួយឆ្នាំ”។
គួរបញ្ជាក់ផងដែរថា ទីផ្សារក្រូច Australasica នៅប្រទេសថៃកំពុងតែហក់ឡើងខ្លាំង សន្ទុះនៃកសិករក៏នាំគ្នាងាកមកដាំក្រូចនេះ ដោយសារតែវាមានតម្លៃថ្លៃ ទីផ្សារនៅទូលាយជាងក្រូចឆ្មារយើងធម្មតា៕

Facebay