IHOME

ដំណឹងល្អ! អាជ្ញាធររាជធានីភ្នំពេញ​គ្រោងឲ្យបើកលក់ដូរនៅផ្សាររដ្ឋទាំង២៥ឲ្យបានទូលំទូលាយជាងមុន

  អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងពង្រីកវិសាលភាពនៃការលក់ ដូរនៅតាមផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ខណៈបានបើកឱ្យដំណើរការប្រមាណ២សប្តាហ៍ហើយនោះ បើទោះបីនៅតាមបណ្ដារោងចក្រសហគ្រាសមួយចំនួននៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងព័ត៌មាននៅថ្ងៃទី ០៩​ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំតាមរយៈ video conference នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនាម្សិលម៉ិញ​ ឯកឧត្តម​ ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា “ផ្សាររដ្ឋទាំង២៥ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកឱ្យដំណើរការ លក់ដូរឡើងវិញប្រមាណ២ សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគ បរិភោគ ត្រី សាច់ ជាដើម ។ ប៉ុន្តែមកដល់ពេលនេះក្រោយ ពីបើកឱ្យដំណើរការឡើងវិញនោះ ឃើញថានៅតាមផ្សាររដ្ឋទាំង២៥មិនមានការឆ្លងរាល ដាលជំងឺកូវីដ-១៩នោះទេ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន” ។
  

 ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមបញ្ជាក់ថា “មុននឹងការបើកវិសាលភាពផ្សារឱ្យបានទូលំទូលាយជាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង២៥ ជាមុនសិន ដើម្បីពិនិត្យលទ្ធភាពថា តើយើងគួរតែពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា” ។ 

ក្រោយពីមានការប្រជុំពិភាក្សាគ្នាហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដើម្បីជម្រាបជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជនឱ្យបានជ្រាបជាព័ត៌មាន ដោយសារតែប្រជាពលរដ្ឋភាគច្រើនបំផុតហើយ បានចេះការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្ត៣កុំ៣ការពារបានល្អ មានន័យថា ពួកគាត់ចេះរស់នៅក្នុងបរិបទថ្មី កូវីដ-១៩នេះតែម្តង៕
 

 
Facebay