IHOME

ដឹងឬនៅ! តើយុទ្ធសាស្រ្តផ្ការីកនៃការចាក់វ៉ាក់នៅកម្ពុជាមានន័យពិតប្រាកដយ៉ាងណា?

  

   កន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តផ្ការីក ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ តើបងប្អូនបានដឹងរួចហើយឬនៅ ថាតើយុទ្ធសាស្រ្តផ្ការីកនៃការចាក់វ៉ាក់នៅកម្ពុជាមានន័យពិតប្រាកដយ៉ាងណានោះ?

យោងតាមប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ “យុទ្ធសាស្រ្តផ្ការីក” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវចាប់ផ្តើមពីរាជធានីភ្នំពេញឱ្យរួចរាល់ ហើយបន្តទៅកាន់ខេត្តទាំង២៤។
  

  លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា នឹងស្រោចវ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាមុន ដើម្បីបង្កើតភាពស៊ាំ ហើយបន្ទាប់មកនឹងផ្តោតទៅលើខេត្តដែលមានហានិភ័យឆ្លងខ្ពស់។ ហេតុដូច្នេះហើយគ.វ.ក១៩ នឹងអនុវត្តទៅតាមយុទ្ធសាស្រ្តនេះ ដោយក្នុងនោះ គ.វ.ក១៩ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ បង្ហើយខណ្ឌដែលនៅសេសសល់ទាំង០៣ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដោយរំពឹងថាបងប្អូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នឹងទទួលបាននូវវ៉ាក់សាំងគ្រប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងព័ត៌នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១។

យោងតាមផែនការមេរបស់ គ.វ.ក១៩ គឺនឹងបញ្ចប់ការចាក់វ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យបានចប់សព្វគ្រប់ (ទាំងដូសទី០២) នៅក្នុងខែកក្កដា ដោយលោកជំទាវ បានមានប្រសាសន៍បញ្ជាក់បន្ថែមផងដែរថា ៖ “បន្ទាប់ពីចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញចប់ទាំង១៤ខណ្ឌរួចហើយ យើងនឹងបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ បន្ថែមពីលើនេះ គ.វ.ក១៩ នឹងសិក្សាពីលទ្ធភាពវ៉ាក់សាំងដែលនៅសល់ដើម្បីអាចចាក់ជូនដល់ស្រុកដែលមានរោងចក្រច្រើន នៅជុំវិញរាជធានីភ្នំពេញផងដែរ”
  គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ២ ៧៧០ ៤៣៧នាក់ បានចាក់វ៉ាក់សាំងដូសទី០១រួចរាល់ និងចំនួន ២ ២៣៥ ១៤៨នាក់ បានចាក់ដូសទី០២រួចរាល់ ស្មើនឹង ២៧.៧០% នៃចំនួនប្រជាពលរដ្ឋគោលដៅចាក់វ៉ាក់សាំងសរុប ១០លាននាក់ ដែលក្នុងចំណោមអ្នកដែលបានចាក់រួចនោះ ភាគច្រើននៅរាជធានីភ្នំពេញ៕

Facebay