IHOME

គ្រប់ខេត្តនៅខ្មែរអាចដាំបាន! ដំណាំផ្លែសាកេ មានតម្លៃថ្លៃ ប្រយោជន៍ពីគល់ដល់ស្លឹក កំពុងខ្សត់អ្នកដាំ

  ផ្លែ Breadfruit នៅថៃហៅថាផ្លែសាកេ ជារុក្ខជាតិដែលមានផ្លែស្រដៀងទៅនឹងផ្លែខ្នុរ ដែលប្រជាជនខ្មែរយើងមួយចំនួនបានយល់ច្រលំថាផ្លែនេះជាផ្លែខ្នុរតូច ឬអ្នកខ្លះទៀតហៅថាខ្នុរសម្ល។ សាកេ ជារុក្ខជាតិដែលមានដើមកំណើតនៅប្រទេស អូសេអានី ហើយវាត្រូវបានគេរកឃើញថា ត្រូវបានដាំដុះនៅបណ្តាប្រទេសជាច្រើននៅតំបន់ត្រូពិចទូទាំងពិភពលោក រួមទាំងនៅអាហ្រិក អាមេរិកខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ 
  ជាក់ស្តែងនៅប៉ែកខាងអាស៊ីយើង មានដាំដើមសាកេនេះភាគច្រើននៅប្រទេសឥណ្ឌា ថៃ រៀតណាម និងនៅខ្មែរយើងមានដាំភាគតិច។ សាកេ ជារុក្ខជាតិដែលមានប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពអ្នកបរិភោគ ហើយយើងទាញប្រយោជន៍ពីដើមសាកេនេះតាំងពីគល់ដល់ស្លឹក។ គល់ និងសំបកដើម របស់វាគេអាចយកទៅផ្សំជាឱសថបុរាណព្យាបាលជំងឺ ស្លឹកគេអាចយកទៅស្ល ចំណែកឯផ្លែរបស់វា គេអាចយកទៅកែច្នៃជាអាហារបានជាច្រើនមុខ ហើយបើនិយាយពីសាច់របស់វាវិញគឺស្រដៀងទៅនឹងដំឡូង និងនំបុ័ង។
  យោងតាមប្រភពក្រៅស្រុក 
Trees That Feed Foundationបានឲ្យដឹងថា សាកេជារុក្ខជាតិដែលសមស្របទៅនឹងអាកាសធាតុក្តៅហើយសើម និងអាចដាំដុះបានគ្រប់ប្រភេទដី ព្រោះវាជារុក្ខជាតិដែលធន់ទៅនឹងធម្មជាតិ។ ចំពោះការដាំដុះ រុក្ខជាតិនេះគេនិយមដាំនៅចន្លោះខែ មិថុនា ទៅ ខែតុលា និងមានអាយុកាលប្រមាណជា ២ ទៅ ៣ ឆ្នាំទើបបានប្រមូលផល បរិមាណនៃផលនឹងទទួលបានច្រើនពេញលេញនៅឆ្នាំទី ៥ និងទី ៦។ ដើមសាកេមានកម្ពស់ស្តង់ដារគឺ ២៦ ម៉ែត្រ នៅពេលដើមវាកាន់តែចាស់ផលកាន់តែច្រើន ក្នុង ១​ ដើមអាចមានផ្លែចាប់ពី ២០០ ទៅ ៣០០ ផ្លែ ស្មើនឹងកន្លះតោនក្នុង ១ ឆ្នាំ។ 
   ទន្ទឹមនឹងនេះដែរ ផ្លែរបស់វានីមួយៗអាចមានទម្ងន់ស្តង់ដារចន្លោះពី ៤ ទៅ ៥ ផោន (១គីឡូ ទៅ ២ គីឡូ) និងមានតម្លៃ ១០ ដុល្លារក្នុង ១ គីឡូក្រាម ប៉ុន្តែតម្លៃនេះអាចផ្លាស់ប្តូរខ្លះនៅតាមរដូវកាល និងខ្នាតនៃផ្លែរបស់សាកេ។ ដោយឡែកចំពោះស្តង់ដារនៃការដាំដុះវិញ ក្នុង ១ ហិកតា គេអាចដាំសាកេបានចាប់ពី ៣៥ ទៅ ៤០ ដើម ដាំជាជួររង ចន្លោះពីដើមមួយ ទៅដើមមួយទៀតចាប់ពី ៦ ទៅ ៨ ម៉ែត្រពីគ្នា។
   គួរបញ្ជាក់ផងដែរថា ដំណាំសាកេនេះ គឺអាចដាំដុះនៅគ្រប់ខេត្តនៃប្រទេសកម្ពុជា សំខាន់ឲ្យតែមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់វានឹងលូតលាស់បានល្អហើយ៕
Facebay