IHOME

លោកជំទាវ ឱ វណ្ណឌីន បង្ហាញក្ដីបារម្ភពីវីរុសកូវីដ១៩បំប្លែងថ្មី ខណៈមកដល់ពេលនេះកើតមានលើពលរដ្ឋ៤នាក់ហើយ

  លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានសម្តែងនូវក្តីបារម្ភ បន្ទាប់ពីវីរុសបំប្លែងថ្មីប្រភេទ B.1.617 ត្រូវបានរកឃើញលើពលរដ្ឋកម្ពុជា ដែលបានធ្វើដំណើរត្រលប់មកពីប្រទេសថៃ។

លោកជំទាវបង្ហាញក្តីបារម្ភនេះ តាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) នាព្រឹកថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២១ ដោយលោកជំទាវបានសង្កត់ធ្ងន់ថា ៖ “ការរកឃើញវីរុសបំប្លែងថ្មី B.1.617 លើពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកពីប្រទេសថៃនេះ គឺជាការបារម្ភមួយ ព្រោះថាវាអាចនឹងចរាចរលឿនជាងអ្វីដែលយើងរំពឹងទុក។ ហេតុដូច្នេះហើយ យើងត្រូវតែចាត់វិធានការការពារភ្លាមៗ និងអនុវត្តដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារការចម្លងវីរុសបំប្លែងថ្មីនេះ”។

  

  លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តវិធានការដែលដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ “៣ការពារ និង៣កុំ” ជាបន្តទៀត រួមជាមួយនឹងវិធានការផ្សេងៗទៀត ដែលដាក់ចេញដោយក្រសួងសុខាភិបាល ព្រោះថា វីរុសបំប្លែងថ្មី B.1.617 ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា គឺមានភាពឆ្លងខ្លាំងជាង និងគ្រោះថ្នាក់ខ្លាំងជាង ហើយជាប្រភេទវីរុសដែលពិភពលោកកំពុងតែព្រួយបារម្ភបំផុត ខណៈវីរុសបំប្លែងថ្មី B.1.617 គ្រោះថ្នាក់ជាង វីរុសដែលមិនទាន់បំប្លែងខ្លួន ហើយសម្រាប់កម្ពុជាយើង គឺមានការរកឃើញវីរុសនេះ ចំនួន ០៤ករណីមកហើយ ដោយករណីទី១ ត្រូវបានព្យាបាលជាសះស្បើយកាលពីខែមេសាកន្លងមក។

សូមជម្រាបផងដែរថា គិតមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នេះកម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបកើនដល់ ៣៤២៤៤ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៧១៤៧ នាក់ និងអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ២៦៣ នាក់ផងដែរ៕
   

Facebay