IHOME

អស្ចារ្យមែន! ស្រ្ដីម្នាក់នេះ ច្នៃលុយខ្ចីគេ៦ពាន់$ ទៅជាង១.៥ពាន់លាន$ ត្រឹម៤ឆ្នាំ តាមក្បួននេះ

  អ្នកស្រី Huda Kattan បច្ចុប្បន្នគឺម្ចាស់ក្រុមហ៊ុន Huda Beauty ដែលជាក្រុមហ៊ុនប្រេនគ្រឿងសំអាងដ៏ល្បីល្បាញ និងមានតម្លៃខ្ទង់ពាន់លានដុល្លារ។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការចាប់ផ្ដើមដំបូងនៃក្រុមហ៊ុនតម្លៃពាន់លានដុល្លារមួយនេះ គឺកើតចេញពីលុយ៦០០០ដុល្លារប៉ុណ្ណោះ ដែលអ្នកស្រី Huda Kattan បានខ្ចីប្អូនស្រីរបស់គាត់។
  យោងតាមគេហទំព័រ CNBC បានឱ្យដឹងថា អ្នកស្រី Huda Kattan បានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨។ ហើយអ្នកស្រីក៏បានផ្លាស់ប្ដូរកន្លែងរស់នៅពីអាមេរិក ទៅទីក្រុងឌូបៃ (Dubai)។ នៅពេលទៅដល់ទីក្រុងឌូបៃ អ្នកស្រីបានចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនមួយ ប៉ុន្ដែជាអកុសល បន្ទាប់ពីធ្វើការងារនោះបានជិតមួយឆ្នាំ អ្នកស្រីក៏បានបាត់បង់ការងារនោះវិញ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ច។
  យ៉ាងណាមិញ ក្រោយពីបាត់បង់ការងារអ្នកស្រី Huda Kattan បានសម្រេចចិត្តត្រឡប់មកសហរដ្ឋអាមេរិកវិញ និងបានទៅរៀនជំនាញតុបតែងមុខបន្ថែមនៅក្នុងសាលារៀនមួយនៅរដ្ឋ Los Angeles រយៈពេល២ឆ្នាំ។ រហូតដល់ឆ្នាំ២០១០ អ្នកស្រីក៏បានចាប់ផ្ដើមបង្កើតគណនី Instagram,Youtube Channel និងបានបង្កើតប្លុកសរសេរអត្ថបទចែករំលែកពីចំណេះដឹង ពាក់ព័ន្ធនឹងការផាត់មុខ។ ហើយតាមរយៈការបង្កើតមាតិការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការតុបតែងមុខ (Makeup) នេះអ្នកស្រីអាចទាញអ្នកគាំទ្របានជាច្រើននាក់។
  

រហូតដល់ឆ្នាំ២០១៣ ដោយសារតែមើលឃើញថា មានអ្នកគាំទ្រនិងស្គាល់អ្នកស្រីច្រើនហើយនោះ អ្នកស្រីក៏បានខ្ចីលុយពីប្អូនស្រីរបស់អ្នកស្រី ៦០០០ ដុល្លារ ដើម្បីយកធ្វើជាដើមទុនបង្កើតផលិតផល (រោមភ្នែក) លក់។ ដោយមើលឃើញថា បងស្រីរបស់ខ្លួនមានអ្នកតាមដាននិងមានគេស្គាល់លើបណ្ដាញសង្គមច្រើនផងនោះ ប្អូនស្រីរបស់អ្នកស្រីក៏បានយល់ព្រមឱ្យអ្នកស្រីខ្ចីលុយ ហើយក៏បានចូលរួមធ្វើអាជីវកម្មនេះជាមួយអ្នកស្រីផងដែរ។

យ៉ាងណាមិញ អ្នកស្រី Huda Kattan ក៏បានបើកក្រុមហ៊ុនមួយដែលមានឈ្មោះថា Huda Beauty ហើយអ្នកស្រីបានសហការជាមួយរោងចក្រមួយនៅក្នុងទីក្រុងឌូបៃ ឱ្យផលិតរោមភ្នែកបានជាង៧០០០ពាន់គូ សម្រាប់លក់ក្នុងរយៈពេល១ឆ្នាំដំបូង។ ប៉ុន្ដែអ្វីដែលអ្វីដែលនឹកស្មានមិនដល់នោះ គឺអ្នកស្រីអាចលក់អាចលក់ផលិតផលរោមភ្នែកទាំង៧០០០គូរនោះអស់ត្រឹមរយៈពេលតែ១សប្ដាហ៍ប៉ុណ្ណោះ។ ហើយមូលហេតុដែលធ្វើឱ្យអ្នកស្រីអាចលក់ដាច់ខ្លាំងដូច្នេះ គឺដោយសារតែអ្នកស្រីមានអ្នកតាមដាននៅលើបណ្ដាញសង្គមច្រើន ហើយពួកគេមានជំនឿនិងទុកចិត្តទៅលើផលិតផលដែលណែនាំដោយអ្នកស្រី Huda Kattan។ 

ក្នុងឆ្នាំដំបូងក្រុមហ៊ុន Huda Beauty អាចសម្រេចការលក់បានរហូតដល់ទៅ ១,៥លានដុល្លារ។ ហើយឆ្នាំទី២ ក្រុមហ៊ុននេះអាចសម្រេចការលក់លើសមិនជិត១០ដង ពោលគឺសម្រេចការលក់បានរហូតដល់ទៅ ១០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Forbes។ 

នៅក្នុងឆ្នាំ២០១៥ អ្នកស្រី Huda Kattan បានឈានជើងទៅមុខជំហ៊ានទៀត ដោយអ្នកស្រីបានទៅបើកក្រុមហ៊ុនបន្ថែមនៅប្រទេសអាមេរិក ដែលជាទឹកដីកំណើតរបស់ខ្លួន។ ហើយនៅឆ្នាំ២០១៧ អ្នកស្រីក៏បានលក់ភាគហ៊ុនមួយចំណែក (មិនបានបញ្ជាក់ទិន្នន័យ) ទៅឱ្យក្រុមហ៊ុន TSG ដែលជាដៃគូរ។ ជាហេតុធ្វើឱ្យក្រុមហ៊ុន Huda Beauty បានឡើងតម្លៃខ្លួនរហូតដល់ទៅ ១,៥ពាន់លានដុល្លារ ត្រឹមរយៈពេលតែ៤ឆ្នាំប៉ុណ្ណោះ។ 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Huda Beauty មានផលិតផលគ្រឿងសំអាងរហូតដល់ទៅជាង ២០០មុខ។ ហើយក្នុងឆ្នាំ២០២០ Forbes បានធ្វើការប៉ាន់ប្រមាណថាក្នុងមួយឆ្នាំក្រុមហ៊ុន Huda Beauty អាចរកចំណូលពីការលក់បានយ៉ាងតិច ២៥០លានដុល្លារ។ ដោយឡែកបើគិតមកទល់នឹងពេលនេះ អ្នកស្រី Huda Kattan ស្ថាបនិកក្រុមហ៊ុន Huda Beauty មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ ៥១០លានដុល្លារឯណោះ។ ហើយបើយើងក្រឡេកទៅមើលបណ្ដាញសង្គមរបស់អ្នកស្រី Huda Kattan វិញ Instagram របស់អ្នកស្រីមានអ្នក Follower រហូតដល់ទៅ ៤៦.៨លាននាក់ ហើយចំណែកឯ Youtube Channel របស់អ្នកស្រីវិញ មានអ្នក Subscribed រហូតដល់ទៅជាង ៤.១៥លាន។
  មេរៀនដែលអ្នកអាចរៀនសូត្របានពីអ្នកស្រី Huda Kattan គឺធ្វើអ្វីដែលអ្នកមានដុង និងស្រលាញ់ចូលចិត្ត នោះអ្នកប្រាកដជាមិនមានការធុញទ្រាន់ និងអាចធ្វើវាបានល្អថែមទៀតផង។ ដោយឡែកមេរៀនមួយផ្សេងទៀតដែលអ្នកគួររៀនសូត្រនោះ គឺកុំប្រើប្រាស់បណ្ដាញសង្គមដើម្បីតែការកំសាន្ដ ប៉ុន្ដែត្រូវរៀនទាញប្រយោជន៍ពីបណ្ដាញសង្គម។ ដោយអ្នកក៏គួរតែចាប់ផ្ដើមគិតពីការកសាងគណនីបណ្ដាញសង្គមរបស់អ្នកឱ្យមានអ្នកតាមដាន តាមរយៈវិធីសាស្រ្ដផ្សេងៗជាច្រើន ឬអាចដើរតាមដានជើងអ្នកស្រី Huda Kattan ដោយការចែករំលែងចំណេះដឹងពិតប្រាកដទៅលើមុំណាមួយ ីដែលអាចជាប្រយោជន៍ដល់អ្នកទស្សនា។ បន្ថែមពីនេះទៀត បើចង់ឆក់យកបេះដូងអ្នកតាមដានទស្សនា ឱ្យពួកគាត់ជឿទុកចិត្ត អ្នកត្រូវប្រកាន់ភាពស្មោះត្រង់ និងធ្វើខ្លួនឱ្យមានប្រយោជន៍ចំពោះអ្នកទស្សនា។ យ៉ាងណាមិញ នៅពេលដែលអ្នកមានអ្នកតាមដាននៅលើបណ្ដាញសង្គមកាន់តែច្រើន អ្នកអាចផ្សព្វផ្សាយអ្វីមួយបានយ៉ាងងាយស្រួល ឬសឹងតែមិនចាំបាច់ចំណាយលុយមួយរៀលនោះឡើយ៕

Facebay