IHOME

ចិនចាយលុយរាប់ពាន់លាន$ សម្រុកធ្វើ «ព្រះអាទិត្យសិប្បនិម្មិត» ព្រោះតែហេតុផលធំមួយនេះ

  មានមនុស្សជាច្រើនប្លែកចិត្ត ហើយខ្លះទៀតថែមទាំងមិនជឿ នៅពេលដែលមានដំណឹងថា ចិនតេស្ដជោគជ័យលើ ព្រះអាទិត្យសិប្បនិម្មិតរបស់ខ្លួន ក្ដៅជាងស្នូលព្រះអាទិត្យពិតប្រាកដរហូតដល់ទៅជិត ១០ដងនោះ។

មែនទែនទៅ ចិនបានអភិវឌ្ឍព្រះអាទិត្យសិប្បនិម្មិតនេះ​១៥ឆ្នាំហើយតាំងតែពីឆ្នាំ ២០០៦ មកម្លេះ នេះបើយោងតាមគេហទំព័រ Phys.org ហើយគោលបំណងធំបំផុតនៃការបង្កើតព្រះអាទិត្យសិប្បនិម្មិតនេះឡើង គឺដើម្បីស្វែងរកប្រភេពថាមពលថ្មី ស្អាត និងមិនបំផ្លាញបរិស្ថាន។
  

  «ព្រះអាទិត្យសិប្បនិម្មិត» ជាឈ្មោះហៅឱ្យសាមញ្ញ ដោយឈ្មោះបច្ចេកទេសវា គេហៅថា Fusion Reactor ហើយមូលហេតុដែលគេហៅវាថាព្រះអាទិត្យដែរនោះ ដោយហេតុថា អ្នកវិទ្យាសាស្ត្របង្កើតវាឡើងដោយយកគម្រូនៃដំណើរការកកើតនៃព្រះអាទិត្យ មកបង្កើតជាកម្ដៅរាប់លានអង្សារ C (ទិន្នន័យខ្ពស់បំផុតចុងក្រោយ ១៦០លានអង្សារ C) ។

កន្លងទៅមានអ្នកឆ្ងល់ច្រើនទាក់ទងថាគេប្រើប្រាស់អ្វីក្នុងការរក្សារកម្ដៅបច្ចេកវិទ្យាមួយនេះមិនឱ្យធ្លាយចេញក្រៅបើវាធ្លាយដូច្នោះ សម្រាប់ចម្លើយលក្ខណៈបច្ចេកទេសមានលក្ខណៈសាំញាំពិបាកយល់ច្រើន តែសម្រាប់ចម្លើយងាយៗមើលពីសម្បកក្រៅ សារធាតុដែលគេយកមកហុំព័ទ្ធថាមពល Fusion នេះជាប្រភេទឧស្ម័នត្រជាក់ដែលគេបង្កក និង សម្បកពេជ្រ (Diamond Shell) តែធាតុពិតទៅនៅមានបច្ចេកទេសជាច្រើនសាំញាំទៀត។ សម្រាប់ឯកសារបច្ចេកទេសពិតប្រាកដស៊ីជម្រៅសូមអាននៅលីងនេះ៖ https://www.aps.org/newsroom/vpr/dpp/2020/11-09-2020-05.cfm ។
  

បច្ចេកវិទ្យា Fusion Energy នេះត្រូវបានអ្នកវិទ្យាសាស្ត្ររំពឹងថា អាចផលិតភ្លើងបានច្រើនសម្បើម ច្រើនជាងថាមពលនុយក្លេអ៊ែរ ទៅទៀត ហើយកាន់តែពិសេសនោះវាមានកាកសំណល់តិចបំផុត ខុសពីកាកសំណល់នុយក្លេអ៊ែរ ដែលបង្ករបញ្ហាធ្ងន់ធ្ងរដល់បរិស្ថាននោះ។

យោងតាមគេហទំព័រ Phys.org បានឱ្យដឹងថាចិនបានចាយទៅលើបច្ចេកវិទ្យាមួយនេះមិនក្រោម ២២ពាន់លានដុល្លារនោះទេ ហើយអ្នកវិទ្យាសាស្ត្រជឿជាក់យ៉ាងមុតមាំថា ចិនអាចនឹងសម្រេចបច្ចេកវិទ្យានេះបាន នៅមុនឆ្នាំ ២០៥០ ហើយបើចិនសម្រេចបាននោះ នឹងធ្វើឱ្យប្រទេសមួយនេះ ចំណេញច្រើនទៅលើថ្លៃថាមពល ជាពិសេសអគ្គិសនីតែម្ដង ហើយកាលណាថ្លៃអគ្គិសនីធ្លាក់ចុះដល់កម្រិតមួយទាបមែនទែន វិស័យដទៃទៀតនឹងដើរទៅមុខកាន់តែខ្លាំង៕

Facebay