IHOME

សម្តេច ហ៊ុន សែន ស្នើទៅអ្នកនៅតាមខេត្ដគួរកុំធ្វើដំណើរមកភ្នំពេញមួយរយៈ បើមិនមានការចាំបាច់

នៅរាត្រីថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទាក់ទងស្ថានភាពនៃជំងឺកូវីដ១៩ និងវិធានការបន្ទាន់។ នៅក្នុងសារពិសេសនេះ​ សម្ដេច ក៏បានស្នើដល់អ្នកនៅតាមបណ្ដាខេត្ដ គួរកុំធ្វើដំណើរមករាជធានីភ្នំពេញ ក្នុងពេលនេះ ព្រោះបច្ចុប្បន្នរាជធានីភ្នំពេញកំពុងដោះស្រាយបញ្ហាមួយនេះ។

យោងតាមសារសំឡេងរបស់សម្ដេច បានមានប្រសាសន៍យ៉ាងដូច្នេះថា “...សម្រាប់ប្រជាពលរដ្ឋនៅតាមខេត្ដបើសិនជាអាចពន្យាបាន សូមធ្វើការពន្យាសិន ដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញដោះស្រាយបញ្ហានេះ ជៀសវាងការកកកុញ ស្ទះចរាចរណ៍ ដែលនោះក៏ជាមូលហេតុមួយក្នុងចំណោមូលហេតុនៃការចម្លង ពីគ្នាទៅគ្នាផងដែរ...”។

សម្តេចតេជោ បានសង្កត់ធ្ងន់ នៅពេលនេះ «ព្រឹត្តិការណ៍ ២០កុម្ភៈ» ធ្ងន់ធ្ងរជាងព្រឹត្តិការណ៍មុនៗ ដោយត្រឹម៣ថ្ងៃប៉ុណ្ណោះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដប្រមាណ១០០នាក់។

 

ឆ្លៀតនាឱកាសនោះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវបងប្អូនរៀបពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យាសិន។ ក្នុងនោះសម្តេចជោ បានទទូចថា ក្នុងករណីដែលមិនអាចពន្យាបានទេ សុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន ដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល៕

Facebay