IHOME

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

  ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ភីធីធី ដែលជាក្រុមហ៊ុនអន្តរជាតិផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងគោលបំណងជួយជំរុញប្រតិបត្តិការអាជីវកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង  អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត។

 
 

ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនទាំងពីរ និងធុរជនសំខាន់ៗផ្សេងទៀតបានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ។

នៅក្នុងផ្នែកមួយនៃអនុស្សរណៈយោគយល់នេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត នឹងស្វែងរកឱកាសដើម្បីសហការគ្នាអភិវឌ្ឍដំណោះស្រាយទូទាត់ សេវាកម្មហិរញ្ញវត្ថុ ការលក់ និងការធ្វើទីផ្សារទូទាំងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ភីធីធី។ 

  

  អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងទំនាក់ទំនងធុរកិច្ចដ៏ជិតស្និទ្ធនាពេលបន្តបន្ទាប់ទៀត។ 

អ្នកឧកញ៉ាក៏បានមានប្រសាសន៍ថា៖ « ពិធីចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រសម្រាប់ភាគីទាំងសងខាង និងជាជំហានដ៏សំខាន់ឆ្ពោះទៅរកកិច្ចសហការធុរកិច្ចកាន់តែប្រសើរឡើង។»

លោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត បានមានប្រសាសន៍ថា ក្រុមហ៊ុន ភីធីធី ខេមបូឌា បានទន្ទឹងរង់ចាំការសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ 

លោកបានថ្លែងថា៖ « ពួកយើងពិតជារីករាយក្រៃលែងដែលបានចុះអនុស្សរណៈយោគយល់គ្នានេះជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ហើយយើងមានសេចក្តីរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនពោរពេញទៅដោយជំនាញដែលនឹងជួយពង្រីកវត្តមានរបស់យើងនៅក្នុងប្រទេសបន្ថែមទៀត។»

លោកបានបន្តថា៖ «កិច្ចសហប្រតិបត្តិការនេះបានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ភីធីធី ក្នុងការជំរុញប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍ និងឈានទៅរកយុគសម័យឌីជីថល។»

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍចម្រុះដែលមានក្រុមហ៊ុនជាង៣០ ស្ថិតក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពលអគ្គិសនី និងការអភិវឌ្ឍអចលនទ្រព្យ។

ក្រុមហ៊ុន ភីធីធី ខេមបូឌា  លីមីតធីត (ភីធីធីស៊ីអិល) គឺជាក្រុមហ៊ុនប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ ដែលផ្គត់ផ្គង់ ចែកចាយ និងលក់ប្រេងនៅលើទីផ្សារនិងផលិតផលពាក់ព័ន្ធនានា។ បន្ថែមពីលើអាជីវកម្មប្រេងឥន្ធនៈ ក្រុមហ៊ុន ភីធីធី ក៏មានអាជីវកម្មផ្សេងទៀត រួមមាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto។

ពិធីចុះហត្ថលេខានេះបានប្រារព្ធឡើង នៅវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នាថ្ងៃទី១៨ ខែកុម្ភៈ នៅសាលចតុម្មុខ ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា៕

  

Facebay