IHOME

ផ្ដើមពីទុន$២០០ចិញ្ចឹមត្រីលម្អអ្នកជំនួញវ័យក្មេង ទឹម លីស្រេង អាចទាញចំណូលខ្ទង់ពាន់ដុល្លារ/១ខែ

  ចាប់ផ្ដើមពីការធ្វើអ្វីដែលខ្លួនស្រលាញ់ ហើយជំហានបន្ទាប់ច្នៃអ្វីដែលយើងស្រលាញ់ចូលចិត្តឱ្យកើតជាអាជីវកម្មដែលអាចរកចំណូលបាន នេះគឺជារឿងដ៏ល្អមួយដែលមនុស្សគ្រប់រូបមិនគួរមើលរំលង។ ជាក់ស្ដែងអ្នកណាទៅជឿទៅថា គ្រាន់តែការចិញ្ចឹមត្រីលម្អ ដោយផ្ដើមពីប្រាក់ប្រមាណជា ២០០ដុល្លារសោះ អាចបំប្លែងទៅជាអាជីវកម្មដែលអាចទាញចំណូលបានរហូតដល់ទៅខ្ទង់ពាន់ដុល្លារក្នុង១ខែៗបានទៅ? ប៉ុន្តែនេះគឺជារឿងពិតរបស់អ្នកជំនួញវ័យក្មេងម្នាក់ឈ្មោះថា ទឹម លីស្រេង ដែលលោកបានអនុវត្តចេញជាលទ្ធផលរួចទៅហើយ។

 

ថ្លែងប្រាប់ Business Cambodia ពីសំណាក់លោក ទឹម លីស្រេង សព្វថ្ងៃគឺជា ស្ថាបនិកនៃកសិដ្ឋានចិញ្ចឹមត្រីលម្អដ៏ធំមួយឈ្មោះថា អ៊ីមផាយអឺ ឃីង ក្រាបភី (Empire King Guppy ) រួមជាមួយលោក ប៉្រម ព្រឹក ដែលជាដៃគូរសហការ បានបង្ហើបឱ្យដឹងថា ដំបូងឡើយលោកគ្មានបំណងថាចង់បង្កើតជាកសិដ្ឋានចិញ្ចឹមត្រីលម្អអ្វីនោះទេ ពោលគឺគ្រាន់តែចំណាយប្រាក់ខ្ទង់ ២០០ដុល្លារ ដើម្បីទិញត្រីមួយចំនួនយកមកចិញ្ចឹមលេងកម្សាន្ត និងលម្អតែប៉ុណ្ណោះ ព្រោះលោកជាមនុស្សដែលស្រលាញ់ត្រីចិញ្ចឹមលម្អ។ 

ប៉ុន្តែមួយរយៈក្រោយមកត្រីក៏បានកើតកូនកើតចៅជាបន្តបន្ទាប់  តម្រូវការអតិថិជនដែលចង់ចិញ្ចឹមត្រីលម្អនេះមានកាន់តែច្រើនឡើងៗ ការបង្កាត់ពូជត្រីរបស់លោកកាន់តែមានភាពស្អាតៗប្លែកៗទៀតនោះ ក៏ធ្វើឱ្យលោកនិងដៃគូសហការសម្រេចច្នៃការចិញ្ចឹមត្រីនេះជាអាជីវកម្ម ហើយដោយសារតែមានការគាំទ្រច្រើនពីសំណាក់អតិថិជនជិតឆ្ងាយ មានទាំងនៅតាមបណ្ដាខេត្តនានា និងទីក្រុងភ្នំពេញផងនោះ លោកក៏សម្រេចចិត្តបើកជាកសិដ្ឋានមួយហើយរីកចម្រើនបន្តធំឡើងៗមកទល់នឹងសព្វថ្ងៃនេះ។

   

លោកបានលើកឡើងបន្ថែមថា ការចិញ្ចឹមត្រីលម្អនៅក្នុងប្រទេសកម្ពុជា កំពុងតែមានសន្ទុះរីកចម្រើនខ្លាំង គួរឱ្យកត់សម្គាល់។ ក្នុងនោះរាប់ចាប់ពី ត្រីប្រាំពីរពណ៌ត្រីកន្ទុយបី ត្រីជល់ ត្រី ប៉ាន់តែ ត្រីហុងកុង ត្រីនាងចេក នាងចម ត្រីឡហ៊ាន ត្រីនាគ រហូតដល់ត្រីដែលកំពុងពេញនិយមនៅក្នុងប្រទេសគឺ Koi fish ដែលមានតម្លៃថ្លៃ ដែលប្រជាជន ជប៉ុនស្រលាញ់ក្នុងការចិញ្ចឹម និងមានជំនឿថាជួយដល់ការលើករាសីឱ្យមានហុងស៊ុយ ហើយមួយរយៈមកនេះប្រជាជនកម្ពុជាយើងក៏កំពុងតែគ្រាំទ្រ ក្នុងការចិញ្ចឹមត្រីលម្អនេះផងដែរ។ 

ប៉ុន្តែសម្រាប់កសិដ្ឋានរបស់លោក ទឹម លីស្រេង ជាស្ថាបនិក និង លោក ប្រ៉ម ព្រឹក ដែលជាដៃគូសហការបានផ្តោតទៅលើការចិញ្ចឹមត្រីប្រាំពីរពណ៌តែមួយមុខតែប៉ុណ្ណោះនៅដំណាក់កាលដំបូង ហើយគិតមកដល់សព្វថ្ងៃនេះ កសិដ្ឋានរបស់លោកបានបង្កាត់បានពូជត្រីប្រាំពីរពណ៌ដែលមានរូបឆោមទាក់ទាញ មានចម្រុះពណ៌រហូតដល់ទៅ ៥០ពូជផ្សេងៗគ្នា នៅកសិដ្ឋានជាលក្ខណៈគ្រួសាររបស់លោក។ 

លោកបានបញ្ជាក់ចំណុចពិសេសមួយថា ការចិញ្ចឹមត្រីប្រាំពីរពណ៌គឺងាយស្រួលចិញ្ចឹម និងងាយស្រួលក្នុងការបង្កើតចំណូល ដោយសារតែការចិញ្ចឹមគឺមិនមានភាពស្មុគស្មាញសាំញ៉ាំច្រើន រីឯការមើលថែទាំងាយស្រួលជាងត្រីផ្សេងៗទៀត ហើយវាក៏ធននឹងជំងឺផ្សេងៗមិនសូវឈឺស្លាប់នោះទេ។

លោកបានលើកឡើងថា ការធ្វើអាជីវកម្មដោយចិញ្ចឹមត្រីប្រាំពីរពណ៌នេះ វាអាចមិនសូវជាល្អមើល ប៉ុន្តែវាល្អហូប។ បើយើងចង់បង្កើតចំណូលដោយចាយដើមទុនតិច យើងគួរតែរៀនចិញ្ចឹមត្រី ប្រាំពីរពណ៌នេះព្រោះថា ត្រីលម្អនេះ មេពូជមួយគូត្រឹមតែ ៥ ទៅ ១០ដុល្លារតែប៉ុណ្ណោះសម្រាប់ពូជធម្មតា។ រីឯពូជល្អអាចថ្លៃជាងនេះ អាស្រ័យតាមរូបរាងពណ៌ ព្រុយក្រោម ព្រុយលើរបស់ត្រី។  ត្រីប្រាំពីរពណ៌អាចបង្កើតកូនបាន ចន្លោះពី ៥០ កូនទៅ ២០០កូន នៅពេលមេបាអាយុកាន់តែច្រើន កូនកាន់តែច្រើន ។ រីឯការមើលថែកូនត្រីប្រាំពីរពណ៌យើងចាយពេលតែ ពីរខែកន្លះ ទៅ បីខែកន្លះ កូនត្រីនឹងធំធាត់ល្អប៉ុនមេបា និងមានតម្លៃស្មើរមេបា។ 
  
  

រីឯការលក់ទីផ្សារបច្ចុប្បន្ន ត្រីលម្អប្រទេសនេះមានទីផ្សារ នឹងតម្រូវការខ្លាំងណាស់នាពេលសព្វថ្ងៃ។ ភាគច្រើនយើងនាំចូលពីប្រទេសជិតខាង ដើម្បីឱ្យទាន់តំរូវការ ក្នុងការលក់ ។ ហើយក្នុងការលក់ យើងអាចលក់ ក្នុងក្រុមជាច្រើនក្នុងFacebook ត្រីប្រាំពីរពណ៌បោះដុំលក់តាមហាងលក់ត្រីលម្អ លក់តាម គណនីហ្វេសប៊ុកលក់តាមផេក និងបន្តចែកចាយពូជត្រីល្អៗទៅប្រទេសជិតខាងវិញ បើសិនជាយើងអាចផ្គត់ផ្គង់ក្នុងប្រទេសគ្រាប់គ្រាន់។ 

ជាចុងក្រោយ លោក ទឹមលីស្រេង ដែលជាស្ថាបនិករបស់ Empire King Guppy ព្រមជាមួយដៃគូសហការដែលផ្តោតសំខាន់លើត្រីប្រាំពីរពណ៌ លោកបានលើកឡើងថា បើសិនជាបងប្អូនចង់បង្កើតចំណូលជាលក្ខណៈគ្រួសារ បង្កើតចំណូលប្រចាំថ្ងៃ គួរតែរៀនចិញ្ចឹមត្រីប្រាំពីរពណ៌ដោយចំណាយដើមទុនតិចតួចបំផុត។ អ្វីដែលពិសេស ប្រសិនបើលោកអ្នកទិញត្រីទៅចិញ្ចឹមពីផេក Empire King Guppy លោក ទឹម លីស្រេង ដែលជាស្ថាបនិកនឹងព្រមជួយក្នុងការចែករំលែកយុទ្ធសាស្រ្ត បច្ចេកទេសចិញ្ចឹម វិធីការពារជំងឺ ការព្យាបាល មើលថែ របៀបបង្កាត់កូនត្រី បង្កើតចំណីត្រី ក៏ដូចជាការមើលថែទឹក ក្នុង PH 6.5 ទៅ 7.0 ដើម្បីឱ្យត្រីមានសុខភាពល្អ ។ 

  នេះគឺជាអាជីវកម្មដោយជាលក្ខណៈគ្រួសារ ដោយអាចបង្កើតចំណូលបានជាប្រចាំថ្ងៃ ព្រោះថាតម្រូវការមានច្រើន ទៅលើត្រីប្រាំពីរពណ៌ពូជល្អៗ ដែលលោកចែករំលែកនេះ ។ នេះគឺជាគណនីហ្វេសប៊ុករបស់លោក ទឹម លីស្រេង (Ly Sreng) ដែលបងប្អូនទាំងអស់គ្នា អាចទាក់ទងដើម្បីទិញមេពូជមេបានល្អៗក្នុងការបង្កាត់ចិញ្ចឹមក្នុងការបង្កើតចំណូល ហើយលោក ព្រមទាំងដៃគូរសហការ នឹងជួយដល់បញ្ចេកទេសគ្រប់យ៉ាង ដើម្បីឱ្យអ្នកចិញ្ចឹមត្រីប្រាំពីរពណ៌នេះបានផលទាំងអស់គ្នា។ប្រសិនបើលោកអ្នកត្រូវការទិញត្រីប្រាំពីរពណ៌ស្អាតសម្រាប់ចិញ្ចឹម ឬធ្វើអាជីវកម្ម លោកអ្នកអាចទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេក Empire King Guppy 

Facebay