IHOME

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ធំដំបូងគេនឹងរះនៅភាគខាងត្បូងរាជធានីដែលមានសមត្ថភាពដ៏អស្ចារ្យ

  ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខាងត្បូងរាជធានីភ្នំពេញនេះ គឺជាគម្រោងរបស់អង្គការចៃកា( JICA​ ) ប្រទេសជប៉ុន ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានប្រមាណជា៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ។

យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថា៖ ការបង្ហាញពីគម្រោងនៃការស្ថាបនាស្ថានីយព្រឹត្តិកម្មខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញនាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញនិងឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី៥២០ហិកតា ហើយក្នុងចំនួននេះ គឺរាជរដ្ឋាភិបាលបានកាត់ចំនួន១៩០ហិកតា ដើម្បីធ្វើការវិនិយោគទៅឱ្យវិស័យឯកជន ហើយនៅសល់ ១៨១ហិកតាជាដីរបស់រដ្ឋដែលយើងត្រូវចាត់ចែងដើម្បីធ្វើអាងស្តុកទឹកកសាងនូវអាងប្រព្រឹត្តកម្មទឹកស្អាតនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ 
ឯកឧត្តមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញត្រូវតែជំរុញនិងពន្លឿនការដោះស្រាយផលប៉ះពាល់នេះ ឱ្យបានលឿន ដើម្បីឱ្យ JICA ស្ថាបនាអាងប្រព្រឹត្តកម្មទឹកស្អាតនេះ បានលឿនទៅតាមគម្រោងដែលបានគ្រោងទុក៕
  
   ជាមួយគ្នានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ក៎៏បានឱ្យដឹងដែរថា៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍បឹងទំពុននេះ ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានប្រមាណជា៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលជាគម្រោងដ៏ធំដំបូងគេ។ គម្រោងនេះ នឹងធ្វើឡើងនៅក្នុងដីទំហំ ៣ហិកតាសិន ដែលអាចយកទឹកកខ្វក់ចេញពីខណ្ឌមួយចំនួនដូចជា៖ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌបឹងកេងកងជាដើម ។ គម្រោងនេះត្រូវតបណ្ដាញទុយោទឹកកខ្វក់ចេញពីស្ថានីយបឹងត្របែក ទំហំ ៣តឹក តភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខាងលើនេះ។
   លោកក៏បានបញ្ជាក់ផងដែរថា៖ គម្រោងខាងលើនេះក្រុមការងារ បានប្រជុំដោះស្រាយផលប៉ះពាល់ជាច្រើនលើកច្រើនសារួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលមានប្រជាពលរដ្ឋ ចំនួន២២គ្រួសារទទួលរងផលប៉ះពាល់នៃគម្រោងខាងលើ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលបានកំពុងដាំត្រកួន អ្នកធ្វើរោងចាំដីជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនឹងជំរុញការដោះស្រាយឱ្យរួចរាល់នៅក្នុងអំឡុងខែមីនាហើយនៅថ្ងៃ ទី២៦ខែមេសាឆ្នាំ២០២១ នឹងអាចប្រគល់ទីតាំងខាងលើទៅឱ្យអង្គការចៃកា ដើម្បីអនុវត្តគម្រោងនៃការសាងសង់ស្ថានីយអាង ប្រព្រឹត្តកម្មទឹកកខ្វក់នេះហើយ។

 

Facebay