IHOME

ក្រសួងកសិកម្មដាក់លេខទូរសព្ទ ៣ ខ្សែឲ្យពលរដ្ឋទាក់ទងបើឃើញមានការនាំចូលស៊ុតពីខាងក្រៅ

នាពេលថ្មីៗនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានពិនិត្យឃើញថា សាធារណជនពិសេសអ្នកចិញ្ចឹមបក្សីយកស៊ុត បានចូលរួមផ្ដល់យោបល់ជាមួយគណនី facebook របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធនឹងការចុះថ្ងៃស៊ុតនៅលើទីផ្សារនាប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដោយមានមតិមួយចំនួនបានលើកឡើងថា ស៊ុតចុះថ្លៃថោកក្រោម ៣00 រៀលក្នុងមួយគ្រាប់ ព្រោះបណ្ដាលមកពីការនាំចូលស៊ុតពីប្រទេសជិតខាងដូចជា ប្រទេសវៀតណាមជាដើម ដែលជាហេតុធ្វើឲ្យផលិតផលស៊ុតផលិតបាននៅក្នុងស្រុកមានតម្លៃថោក លក់មិនចំណេញ និងពិបាករកទីផ្សារជាខ្លាំង។

ទាក់ទងនឹងការលើឡើងខាងលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានបញ្ជាក់ជូននូវសាធារណជនថា មួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទពុំដែលអនុញ្ញាតជាគោលការណ៍ឲ្យនាំចូលស៊ុតពីប្រទេសជិតខាងជាពិសេសប្រទេសវៀតណាមចូលមកកម្ពុជាឡើយ។ នេះយោងបើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា ក្នុងករណីអាជីវករអ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់ទាយកស៊ុតបានដឹងព័ត៌មានពីការលួចនាំចូលស៊ុតមាន់ទាពីប្រទេសជិតខាង សូមទំនាក់ទំនងមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត តាមរយៈលេខទូរស័ព្ទ 017 803 007, 017 842 403 និង 012 603 303 ដើម្បីមន្ទីរចុះអន្តរាគមន៍បង្ក្រាប។
Facebay