កម្ពុជានឹងទទួលឥទ្ធិពលព្យុះឈ្មោះ ក្រវាញ ដែលបង្កឲ្យមានភ្លៀងធ្លាក់ និងសីតុណ្ហភាពចុះត្រជាក់ខ្លាំង
តាមការព្យាករ ព្យុះនេះ នឹងធ្វើដំណើរ ឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយនឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) នៅពេលចូលដល់ទីក្រុងកាន់ធើ និងខេត្ដចូដុង ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែធ្នូ និងបន្ដដំណើរចូលមកខេត្ដកំពត និងខេត្ដព្រះសីហនុ ប្រទេសកម្ពុជា។
នៅថ្ងៃទី២៤ ខែធ្នូ វិសម្ពាធនេះ នឹងបានថមថយឥទ្ធិពលទៅជាវិសម្ពាធទាប (Low Pressure) ដើរចូលទៅកាន់ ប្រទេសកម្ពុជា និងប្រទេសថៃ រួចបន្ដដំណើរឆ្ពោះទៅខេត្ដស៊ូរ៉ាក់ថានី ប្រទេសថៃ។
លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានស្ថានភាពបណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅរង្វង់ ១៧ ទៅ ២០ អង្សា។ បណ្ដាខេត្ដនៅតំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨ ទៅ ២១ អង្សា នឹងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម។
ដោយឡែកបណ្ដាខេត្ដនៅតំបន់មាត់សមុទ្រ ពិសេសខេត្ដកំពត និងខេត្ដព្រះសីហនុ ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ២០ ទៅ ២៣ អង្សា នឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ មានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
ជាមួយគ្នានេះក្រសួង អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជាពិសេស ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ដើម្បីចៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយក្សថាហេតុ៕