IHOME

សេដ្ឋីចាស់វស្សាពីររូប ពួតដៃគ្នាបង្កើតគម្រោងខ្នាតយក្ស នៅក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ គឺជាចរន្តឈាមផ្លូវសេដ្ឋកិច្ច ដ៏មានសក្តានុពលធំជាងគេមួយ របស់ប្រទេសកម្ពុជា។ ដោយខេត្តនេះ មានផ្លូវភ្ជាប់នឹងកំពង់ផែស្ងួតរាជធានីភ្នំពេញ បុកទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដែលជាទីទាក់ចិត្តអ្នកវិនិយោគមកពីគ្រប់តំបន់ ឱ្យសម្រេចចិត្តបង្កើតរោងចក្រ និងក្រុមហ៊ុន នៅក្នុងខេត្តនេះ។

នៅក្នុងចំណោមរោងចក្រ និងគម្រោងវិនិយោគជាច្រើន ក្នុងខេត្តកំពង់ស្ពឺ គេសង្កេតឃើញថា ថ្មីៗនេះ​ មានគម្រោងវិនិយោគធំៗ២ ដែលកំពុងអង្រួនទឹកដីខេត្តនេះ ឱ្យកាន់តែមានសក្តានុពលខ្លាំងឡើងថែមមួយកម្រិតទៀត។

គម្រោងធំៗទាំងពីរនោះ គឺជាគម្រោងវិនិយោគរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលមានឈ្មោះថា តំបន់កសិទេសចរណ៍ម៉ុងឬទ្ធីសែនជ័យ និងគម្រោងវិនិយោគមួយទៀត គឺជាគម្រោងវិនិយោគ សួនឧស្សាហកម្មចម្រុះ លើផ្ទៃដីប្រមាណ ៥០០ ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCIC ។

គម្រោងវិនិយោគរបស់លោក ឧកញ៉ា ម៉ុង ឫទ្ធី មានទីតាំងស្ថិតនៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរាងទង ខេត្តកំពង់ស្ពឺ។ គម្រោងវិនិយោគដ៏ធំមួយនេះ ប្រមូលផ្តុំទៅដោយសួនសត្វចម្រុះ ផ្ទះលំហែកាយ ដំណាំជាច្រើនប្រភេទ ទីលានប្រណាំងឡាន ភោជនីយដ្ឋាន និងគម្រោងវិនិយោគជាច្រើនផ្សេងទៀត។

ដោយឡែក សម្រាប់គម្រោងវិនិយោគ សួនឧស្សាហកម្ម របស់អ្នកឧកញ៉ា ពុង ឃាវសែ វិញ គឺមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ដែលប្រមូលផ្តុំទៅដោយ រោងចក្រ ផ្សារពាណិជ្ជកម្ម លំនៅឋាន ខុនដូ សណ្ឋាគារ ការិយាល័យពាណិជ្ជកម្ម សាលពិព័រណ៍ និងកន្លែងពាណិជ្ជកម្មជាច្រើនផ្សេងទៀត។

គម្រោងខ្នាតយក្សទាំងពីរខាងលើនេះ នៅថ្ងៃខាងមុខ នឹងក្លាយទៅជាកន្លែងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យបុកទៅវិនិយោគ និងទៅលេងកម្សាន្តឥតជិនណាយមិនខាន ៕

Facebay