IHOME

រៀនតែតាមអ៊ីនធ័រណែត ម្ចាស់កសិដ្ឋានចៀមកែច្នៃដីត្រឹម ១ហិចតាដាំដំណាំបាន ២០០មុខ កំពុងទាក់ទាញខ្លាំង

បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលមានដីទំនេរចោលត្រឹម ១ហិចតា មានអ្នកខ្លះតែងតែចូលចិត្តដាំដំណាំតែ ១មុខ ហើយក៏មានបងប្អូនខ្លះទៀតមានដំាដំណាំចម្រុះ ឬច្រើនមុខនៅលើផ្ទៃដីតែមួយ ។ បើយោងទៅតាមសម្ដីរបស់លោក ប៊ុន ចាន់វិរៈ ម្ចាស់កសិកដ្ឋានចិញ្ចឹមចៀមធម្មជាតិនៅខេត្ត កំពុងឆ្នាំបានឱ្យដឹងថា ការដាំដំណាំចម្រុះគឺវាល្អជាង ការដាំដំណាំតែមួយមុខ​ ។

ហេតុអ្វីបានជាលោកនិយាយថាការដាំដំណាំចម្រុះ វាល្អជាការដាំដំណាំតែមុខ ?

ម្ចាស់កសិដ្ឋានវ័យក្មេងលោក ប៊ុន ចាន់វិរៈមានប្រសាសន៍ថានៅលើផ្ទៃដី ១ហិចតាគឺលោកអាចដាំដំណាំបានរហូតដល់ទៅ ២០០មុខឯណោះ នេះគឺជាការធ្វើកសិកម្មបែបទំនើបដែលនៅកម្ពុជាយើងបច្ចុប្បន្ននេះមិនសូវមាននៅឡើយទេ ។

គោលបំណងដែលលោកធ្វើកសិកម្មបែបទំនើបនេះ ក៏ព្រោះតែលោកចង់ប្រាប់ដល់កសិករកម្ពុជាទាំងអស់ថា ក្នុងដី ១ហិចតា យើងអាចដាំដំណាំបានជាច្រើនមុខណាស់ និងអាចទាញចំណូលបានរាល់ថ្ងៃហើយបើយើងដាំដំណំាតែមួយមុខ គឺវាខាតដីច្រើនណាស់ ពីព្រោះដំណាំខ្លះវាទាប ដំណាំខ្លះខ្ពស់ ។ ជាពិសេសបងប្អូនដែលមានដីតិចតួចគួរតែងាកមើលការធ្វើកសិកម្មបែបទំនើបនេះវិញទើបចំណេញជាង លើសពីនេះវាអាចប្រមូលផលវិលជុំ ។

ដូចយើងឃើញស្រាប់កសិករកម្ពុជាភាគច្រើនដាំដំណាំតែ ១មុខ លោកប៊ុន ចាន់វិរៈបានលើកឧទាហរណ៍ថា ប្រសិនបើគាត់ដាំស្វាយកែវ ល្មៀត ហើយស្រាប់តែស្វាយនេះគ្មានទីផ្សារ ដូច្នេះគាត់ច្បាស់ជាខាត ប៉ុន្ដែប្រសិនបើគាត់ដំាដំណំាចម្រុះគឺយើងអាចញុំាបានខ្លួនឯង កាត់បន្ថយការចំណាយថ្លៃអាហារមួយ លើសពីនេះគឺយើងអាចលក់បានពេញ ១ឆ្នាំ ។

បន្ថែមពីលើនេះទៅទៀត វាជួយទៅដល់ពពួកសត្វមានប្រយោជន៍ដូចជាឃ្មុំ ប្រសិនបើយើងមានដំណាំតែមួយមុខពេលវាយកលំម្អងហើយគឺវាអស់ចំណី ប៉ុន្ដែបើយើងដាំដំណាំចម្រុះគឺវាមានចំណីពេញ ១ឆ្នាំ ហើយបើក្នុងចំការយើងមានឃ្មុំចិញ្ចឹមឃ្មុំទៀតនោះ ទិន្នផលរបស់យើងគឺកើនឡើងរហូតដល់ ២០%​ ឯណោះ ។

យុវជនឆ្នើមរូបនេះបានថ្លែងទៀតថា បើមានបងប្អូនយើងចង់ដាំដំណាំតែមួយមុខ នេះគឺជាការគិតផ្សេងពីគ្នា ប៉ុន្ដែម្ចាស់កសិដ្ឋានរូបនេះបាននិយាយថា ការដាំដំណាំតែមួយមុខ វាជួបជាមួយនឹងបញ្ហាច្រើន លោកក៏បង្វែរអារម្មណ៍ឱ្យយើងក្រឡែកទៅមើលដំណាំនៅក្នុងព្រៃ ពពួកដំណាំនៅព្រៃគឺគ្មានគេដាក់ថ្នាំសម្លាប់សត្វល្អិត គ្មានអ្នកណាដាក់ជី គ្មានអ្នកណាធ្វើស្មៅ ហេតុអ្វីបានជាវាល្អខ្លាំងម្លេះ ? ចម្លើយនោះគឺដោយសារតែវាមានដំណាំចម្រុះ ។ ឧទាហរណ៍ថា ៖ ប្រសិនបើយើងដំាដំណាំស្វាយតែមួយមុខ ដូច្នេះសត្វល្អិតដែលស៊ីស្វាយវាមកផ្ដុំគ្នានៅទីនេះទាំងអស់វាមិនទៅណាទេ តែបើយើងដំណំាចម្រុះសត្វល្អិតដែលចង់ស៊ីស្វាយនៅពេលដែលវាហើយមកប៉ះដំណាំផ្សេង វានឹងមិនមករកដំណាំស្វាយទៀតឡើយ ។

ការដាំដំណាំចម្រុះវាជួយគ្នាទៅវិញទៅមក ទី ១ កាត់បន្ថយសត្វល្អិតបំផ្លាញ់ ឬ ស៊ីដំណាំ ទី ២​ កាត់បន្ថយជី ពីព្រោះដំណាំច្រើនប្រភេទវាផ្ដល់ជីឱ្យគ្នាទៅវិញទៅមក និងទី ៣ កាត់បន្ថយស្មៅ ។
Facebay