IHOME

សិប្បកម្មផលិតឧបករណ៍ភ្លេងបុរាណខ្មែរ១កំពុងល្បីខ្លាំង ខណៈមានអ្នកកម៉្មង់ទិញច្រើនពីបរទេស

បើលោកអ្នកនាងធ្វើដំណើរតាមផ្លូវជាតិលេខ៥១ ទៅដល់ចំណុចភូមិ ប្រកិល ឃុំព្រះស្រែ ស្រុកឧត្ដុង ខេត្ដកំពង់ស្ពឺ លោកអ្នកនាងនឹងឃើញសិប្បកម្មផលិតឧបករណ៍ភ្លេងបុរាណខ្មែរធំមួយដែលមានឈ្មោះ “សិប្បកម្មខ្មែរ ម៉ាច ម៉ុយ” ដែលបច្ចុប្បន្នសិប្បកម្មមួយនេះកំពុងមានការគាំទ្រខ្លាំងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

សិប្បកម្មខ្មែរ ម៉ាច ម៉ុយ ត្រូវបានបង្កើតឡើងរយៈពេលជាង ៣០ឆ្នាំមកហើយ​ពោលគឺនៅក្នុង​អំឡុង​ឆ្នាំ១៩៨២-១៩៨៣ ដោយលោកព្រឹទ្ធាចារ្យ ម៉ាយ ម៉ុយ ដែលមានស្រុកកំណើតនៅភូមិ ប្រកិល ឃុំព្រះ ស្រុកឧត្ដុងផ្ទាល់តែម្ដង។ លោកព្រឹទ្ធាចារ្យ ម៉ាយ ម៉ុយ បានចេះចំណេះជំនាញផលិតឧករណ៍ភ្លេងបុរាណខ្មែរនេះតពីដូនតា និងមានគ្រូណែនាំខ្លះ ព្រមទាំងគួបផ្សំនឹងការចេះច្នៃ​ប្រឌិតដោយខ្លួន បូករួមជាមួយនឹងការតស៊ូជាច្រើន ទម្រាំអាចបើកឲ្យអាជីវកម្មមួយនេះឈរជើង និងមានឈ្មោះល្បីល្បាញដូចនេះបាន។

ឈរជើងរយៈពេលជាង ៣០ ឆ្នាំមកនេះ សិប្បកម្មខ្មែរ ម៉ាច ម៉ុយ គឺទទួលបានការគាំជាបន្ដបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ន។ ហើយមួយរយៈចុងក្រោយនេះក៏មានការគាំទ្រកាន់តែខ្លាំងឡើងថែមទៀតពីសំណាក់ប្រជាពលរដ្ឋកម្ពុជាក្នុងប្រទេស និងជាពិសេសអ្នកនៅក្រៅប្រទេស ដែលបានបញ្ជាទិញឧបករណ៍ភ្លេងខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

បើតាមលោក ម៉ុយ ប៊ុនលាប មានវ័យ ២២ ឆ្នាំដែលត្រូវជាកូនប្រុសពៅរបស់លោកព្រឹទ្ធាចារ្យ ម៉ាច ម៉ុយ និងជាអ្នកគ្រប់គ្រងអាជីវកម្មបន្ដពីឪពុកផងនោះបានរៀបរាប់ប្រាប់ Business Cambodia ឲ្យដឹងថា សិប្បកម្មមួយនេះបង្កើតឡើងក្នុងគោលបំណងធំគឺរក្សាវប្បធម៌ជាតិខ្មែរឲ្យនៅគង់វង្ស ដើម្បីឲ្យកូនចៅខ្មែរជំនាន់ក្រោយបានស្គាល់នូវវប្បធម៌ដ៏ស្រល់ផូរផង់ ដែលបន្សស់ទុកពីបុព្វបុរសដូនតារបស់ខ្លួន និងជាពិសេសលើកមុខមាត់វប្បធម៌ជាតិមួយនេះនៅលើឆាកអន្ដរជាតិផងដែរ។

បើងាកមកមើលពីដំណើរការអាជីវកម្មនេះវិញ លោកបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយសិប្បកម្ម ម៉ាច ម៉ុយ គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសដែលមានដូចជានៅអាមេរិក កាណាដា អូស្ដ្រាលី ហូឡង់ និងប្រទេសក្នុងទ្វីបអ៊ឺរ៉ុបមួយចំនួនទៀត និងជាពិសេសពីសំណាក់បងប្អូនខ្មែរកម្ពុជាក្រោម ដែលសរុបទៅមានប្រមាណ ៤០ % នៃការបញ្ជាទិញទាំងអស់។ ជាមួយគ្នានេះសម្រាប់នៅក្នុងប្រទេសវិញ ក្រៅពីការកម្ម៉ង់ទិញពីអតិថិជនតាមផ្ទះ ក៏មានការបញ្ជាទិញពីភោជនីយដ្ឋាន និងម្ចាស់បុរីធំៗ ដើម្បីយកទៅតុបតែងកែលម្អសោភ័ណ្ឌភាពឲ្យភាពស្រល់ស្អាតផងដែរ។ លោកបន្ដបញ្ជាក់ថា​ នៅក្នុងមួយខែៗ លោកអាចលក់ឧបករណ៍ភ្លេងនិងចម្លាក់ផ្សេងៗ បានរាប់រយគ្រឿងឯណោះ។

សហគ្រិនវ័យក្មេងរូបនេះបន្ថែមថា ចាប់តាំងពីចាប់ផ្ដើមដំណើរមកដល់ពេលនេះ សិប្បកម្ម ម៉ាច ម៉ុយ បានពង្រីកសាខាចំនួន ៣ ទីតាំងហើយ ដោយស្ថិតនៅលើក្រវ៉ាត់ផ្លូវលេខ៥១ ទាំងអស់។ ប៉ុន្ដែដើម្បីពង្រីកទីផ្សារបន្ថែម ក៏ដូចជាឲ្យអតិជនងាយស្រួលកម្ម៉ង់ទិញ នាពេលខាងមុខនេះលោកក៏ត្រៀមនឹងបើកឃ្លាំងថ្មីធំមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ដែលនេះជាដំណឹងល្អសម្រាប់បងប្អូនដែលនៅភ្នំពេញងាយស្រួលរកទិញឧបករណ៍ភ្លេងបុរាណខ្មែរគ្រប់ប្រភេទពីសិប្បកម្មរបស់លោកផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ សហគ្រិនវ័យក្មេងចិត្ដធំរូបនេះ ក៏បានបង្ហើបមហិច្ឆតាពង្រីកអាជីវកម្មនេះឲ្យទៅផ្សារវប្បធម៌ធំមួយផងដែរនាពេលអនាគត។ ក្រៅពីគម្រោងនេះ លោកក៏គ្រោងបង្កើតសមាគមន៍សិល្បៈករមួយក្នុងគោលបំណងលើកស្ទួយ នឹងបំពេញតម្រូវការអតិថិជននៅពេលមានកម្មវិធីផ្សេងៗជាដើម។

លោក ម៉ុយ ប៊ុនលាប បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកស្រឡាញ់ និងអភិរ័ក្សនូវវប្បធម៌ជាតិមួយនេះ លោកប្ដេជ្ញាចិត្ដ នឹងខិតខំធ្វើយ៉ាងណាឲ្យជីវកម្មមួយនេះឈរជើងកាន់តែរឹងមាំ ដើម្បីរួមចំណែកថែរក្សាអត្ដសញ្ញាណឧបករណ៍ភ្លេងបុរាណខ្មែរនៅគង់វង្សទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ និងមានមោទនភាពចំពោះកេរិ៍្ដមរតកជូនតាមួយនេះ។

សូមជម្រាបផងដែរថា សិប្បកម្មខ្មែរ ម៉ាច ម៉ុយ មានផលិតឧបករណ៍ភ្លេងបុរាណខ្មែរជាច្រើនប្រភេទដូចជា ស្គរតូច ស្គរធំ ស្គរសម្ភោរ ស្គរឆៃយ៉ាំ ទ្រខ្មែរ ទ្រសោ គង ឃ្មោះ ស្រឡៃ​ ឃឹម​ តាខេ ចាប៉ីដងវែង រនាតឯក ​រនាតធុង និងធ្វើចម្លាក់អំពីស្ពានជាច្រើនប្រភេទទៀតផងដែរ។ ប្រសិនបើលោកអ្នកនាងស្រឡាញ់ និងចង់កម្ម៉ង់ទិញឧបករណ៍ភ្លេងខាងលើ លោកអ្នកនាងអាចធ្វើការទាក់ទងបានតាមរយៈលេខទំនាក់ទំនង 012/070 824 138, 016 44 14 58, 089 922 411 ឬតាមរយៈហ្វេសប៊ុកផេក សិប្បកម្មខ្មែរ ម៉ាច ម៉ុយ ដែលមានសេវាដឹកជញ្ជូនគ្រប់ ២៥ ខេត្ដក្រុងផងដែរ៕

Facebay