IHOME

អ្នកជំនាញ ១ រូបប្រាប់ថា បើលេចចេញសញ្ញាទាំងនេះ​ បង្ហាញថាអ្នកគួរឈប់ធ្វើការឱ្យគេ រកស៊ីខ្លួនឯងហើយ

អ្នកជំនាញ ១ រូបប្រាប់ថា បើលេចចេញសញ្ញាទាំងនេះ​ បង្ហាញថាអ្នកគួរឈប់ធ្វើការឱ្យគេ រកស៊ីខ្លួនឯងហើយ
លោក លន់ រិទ្ធី ជាស្ថាបនិកហាងអាហារជប៉ុន Sushi Chef ដែលបច្ចុប្បន្នលោកកំពុងទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយអាជីវកម្មរបស់លោក​។ បច្ចុប្បន្នលោកក៏បានពង្រីកហាងបានដល់ទៅ៤ សាខាធំៗ នៅក្នុងរាជធានីភ្នំពេញថែមទៀតផង។

សហគ្រិនវ័យ ៣៦​ ឆ្នាំរូបនេះក៏បានលើកឡើងផងដែរថា លោកសម្រេចចិត្តបោះបង់ឱកាសការងារនៅបារាំងវិលត្រឡប់មកបើកអាជីវកម្មខ្លួនឯងនេះ ក៏ដោយសារតែលោកគិតថា ប្រសិនបើលោកនៅតែបន្តធ្វើការឲ្យគេបែបនេះជីវិតលោកបានត្រឹមប្រើប្រាក់សម្រាប់ចិញ្ចឹមខ្លួនមួយរស់ៗប៉ុណ្ណោះ មិនអាចរកឃើញភាពជោគជ័យសម្រាប់ខ្លួនឯងឡើយ។ ហេតុនេះហើយទើបលោកបានផ្តាំទៅកាន់អ្នកជំនាន់ក្រោយៗដែលចង់រកស៊ីថា “បើយើងមានសញ្ញាទាំង ៣ នេះហើយដល់ពេលដែលអ្នកគួរតែចេញរកស៊ីខ្លួនឯងហើយ មិនគួរនៅធ្វើបុគ្គលិកស៊ីប្រាក់ខែគេទៀតទេ” ចំណុចទាំងបីនោះរួមមាន៖

១​.វ័យ

លោក លន់ រិទ្ធីបាននិយាយថា “​នៅពេលយើងធ្វើការឲ្យគេ ទោះយ៉ាងណាត្រូវចេះគិតគូរថាអាយុយើងប៉ុណ្ណឹងគួរចេញរកស៊ីខ្លួនឯងហើយ”មានន័យថា ទោះបីកំពុងបម្រើការងារឲ្យគេក៏ដោយ យើងត្រូវចេះចាត់ចែងលើវ័យយើងខ្លួនឯងដូចគ្នា ត្រូវដឹងថាយើងនៅកម្រិតណា វ័យណាគួរចេញរកស៊ីហើយវ័យណាគួរបន្តធ្វើការឲ្យគេ។

២.ជោគជ័យ

“បើយើងចង់រកភាពជោគជ័យសម្រាប់ខ្លួនឯង ត្រូវហ៊ានចេញរកស៊ី” លោក រិទ្ធី ក៏បានបន្តថា បើត្រឹមតែធ្វើការឲ្យគេវាមិនមែនជាជោគជ័យសម្រាប់ជីវិតនៅឡើយទេ ព្រោះវាមិនទាន់ធ្វើឲ្យយើងបានស្គាល់ភាពជោគជ័យដែលបង្កើតដោយស្នាដៃខ្លួននោះទេ ម្យ៉ាងវិញទៀតបើយល់ថាបទពិសោធន៍ការងាររបស់អ្នកមានច្រើនហើយ ត្រូវហ៊ានចេញរកស៊ីកុំរុញរា បើទោះជាបរាជ័យអ្នកក៏អាចវិលទៅរកការងារចាស់អ្នកពីមុនបានដែរ។ “បើអ្នកមានសមត្ថភាព មិនបាច់ភ័យថាក្រោយការបរាជ័យក្នុងអាជីវកម្មផ្ទាល់ខ្លួនទៅ គ្មានផ្លូវត្រូវដើរបន្តនោះទេ”នេះជាការលើកឡើងដោយផ្ទាល់របស់លោក លន់ រិទ្ធី។

៣.បទពិសោធន៍ថ្មី 

ស្ថាបនិកជោគជ័យរូបនេះបាននិយាយថា “បើត្រឹមចំណាយពេលធ្វើឲ្យគេ វាមិនធ្វើឲ្យយើងដឹងអ្វីច្រើនទេ” នៅពេលយើងធ្វើការឲ្យគេ យើងអាចដឹងបានត្រឹមតែមួយផ្នែកនៃបញ្ហាប៉ុណ្ណោះ វាខុសឆ្ងាយពីបញ្ហាដែលអ្នកបានជួបក្នុងមុខរបររកស៊ី អាចនិយាយបានថាអ្នករកស៊ីត្រូវប្រើការគិតច្រើនជាងអ្នកធ្វើការឆ្ងាយណាស់។មានទាំងបញ្ហា នៃការរៀបចំចាត់ចែងធ្វើយ៉ាងណាឲ្យអាជីវកម្មរីកចម្រើន ការគ្រប់បុគ្គលិក ការរៀបចំណូលចំណាយ របៀបដោះស្រាយបញ្ហាផ្សេងៗ សុទ្ធតែជាបទពិសោធន៍ថ្មីដែលអ្នកធ្វើការមិនដែលជួបប្រទះ ហើយបើអ្នកចង់បានបទពិសោធន៍ថ្មីៗក្រៅពីការងារប្រចាំថ្ងៃទាល់តែចេញរកស៊ីទើបអ្នកដឹងថា មេរៀនទាំងនោះជាមេរៀនល្អបំផុតដើម្បីឲ្យអ្នកយល់ពីតម្លៃនៃភាពជោគជ័យ។

លោកក៏បានសង្កត់ធ្ងន់ផងដែរថា មុនចេញរកស៊ីអ្វីមួយត្រូវចេញធ្វើការយកបទពិសោធន៍ រៀនភ្លក់រស់ជាតិជីវិតជាបុគ្គលិកគេសិនទើបជាការល្អ ដើម្បីឲ្យអ្នកយល់ពីតម្លៃនៃការងារតូចតាចទាំងនោះក៏ដូចយល់អារម្មណ៍ដែលត្រូវទទួលអារម្មណ៍ខូចចិត្តពេលត្រូវគេស្តីបន្ទោស។ការធ្វើបែបនេះដើម្បីជាការលុតដំខ្លួនឯងឲ្យរឹងមាំមុនឈានជើងប្រឈូកក្នុងការរកស៊ី៕

Facebay