IHOME

ទីលានវាយកូនហ្គោលលើដី ២៧ ហិកតា និងគម្រោងខុនដូបែបធម្មជាតិ កំពុងលេចរូបរាងនៅស្រុកទឹកឈូ

គម្រោងអភិវឌ្ឍន៍ទីលានវាយកូនហ្គោល Golf Harmony នៅលើផ្ទៃដី ២៧.៣ហិកតា ព្រមទាំងអគារខុនដូបែបធម្មជាតិចំនួន ៤ អគារ កំពុងលេចរូបរាងនៅលើទឹកដីដែលមានទេសភាពពណ៌បៃតង ស្រុកទឹកឈូ ខេត្ត កំពត។

គម្រោងនេះដែរ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Forest Harmony ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វីឡាលំហែកាយ ប្រណីតឈានមុខគេនៅកម្ពុជា។ ដោយគម្រោងទី ១ របស់ក្រុមហ៊ុននេះគឺជាគម្រោង Forest Harmony ដែលរួមមានវីឡាចំនួន៧៨ ត្រូវបានគ្របដណ្តប់លើផ្ទៃដី១៣ហិកតា។ គិតមកទល់ពេលនេះ វីឡាជាង៦០ភាគរយ ត្រូវបានលក់អស់រួចទៅហើយ។

សម្រាប់ដំណាក់កាលទី ២ ការសាងសង់ទីលានវាយកូនហ្គោល វីឡា និងខុនដូ និងធ្វើឡើងនៅលើផ្ទៃដី ២៧.៣ ហិកតា ហើយរំពឹងថាគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល២ឆ្នាំទៀត។ ទីលានវាយកូនហ្គោលមានចំនួន៩ឡូត៍ និងអគារខុនដូដែលមាន៥ជាន់ចំនួន៤អគារ ដែលមានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។

សម្រាប់តម្លៃសម្រាប់ប្រភេទផ្ទះវីឡាដែលមានបន្ទប់គេង៤នៅក្នុងគម្រោង Golf Harmony មានចន្លោះពី ៣៦១,០០០ដុល្លារដល់ ៤០៩,០០០ដុល្លារ រួមទាំងអាងហែលទឹកឯកជន ដែលមានទំហំដីជាមធ្យម ១,២០០ម៉ែត្រការ៉េ។

តាមរយៈលោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia ដែលត្រូវបានតែងតាំងជាភ្នាក់ងារលក់ផ្តាច់មុខរបស់គម្រោង Forest Harmony បានបញ្ជាក់ប្រាប់ថា៖ «ការអភិវឌ្ឍន៏ Golf Harmony និងធ្វើឲ្យការរស់នៅកាន់តែទំនើបសម្រាប់ម្ចាស់វីឡា ដែលបានទិញនៅដំណាក់កាលទី ១ ក៏ដូចជាជួយបន្ថែមភាពទាក់ទាញមួយកម្រិតទៀតដល់ ខេត្តកំពតដែលកំពុងលេចធ្លោ ជាតំបន់ទេសចរណ៍ ទីតាំងសម្រាប់ការវិនិយោគអចលនទ្រព្យ និងឱកាសវិនិយោគ»។

ទន្ទឹមនេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានប្រាប់ថា «ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កំពុងមានភាពប្រសើរឡើង ហើយពួកគេមានលទ្ធភាពកាន់តែច្រើន និងស្វែងរកអចលនទ្រព្យ សម្រាប់សម្រាកលំហែ និងសម្រាប់ចូលនិវត្តន៍។ ហើយគម្រោងប្រភេទបែបផ្ទះលំហែកាយនេះ គឺជានិន្នាការថ្មីដែលកំពុងទទួលបានសន្ទុះ នៅក្នុងប្រទេសកម្ពុជា»។

សូមបញ្ជាក់ បច្ចុប្បន្ន ខេត្តកំពត ត្រូវបានអ្នកជំនាញមើលឃើញថាគឺជាទិសដៅដ៏មានសក្តានុពល សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្មដែលមានអាហារ ក៏ដូចជាកន្លែងកំសាន្តដ៏សំបូរបែប។ ខណៈមួយគម្រោងបែបលោកខាងលិចនេះ នឹងកាន់អាចទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់ៗ អោយមកលំហែកាយនៅប្រទេសកម្ពុជា សម្រាប់ថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍ផងដែរ៕

Facebay