IHOME

អតីតនិស្សិត IT ងាកមកច្នៃតែម្រុំ និង តែស្លឹកគ្រៃ លក់ចេញធ្លាយដល់ក្រៅប្រទេស

ធ្លាប់តែឮគ្រប់គ្នាថា និស្សិតដែលរៀនជំនាញ IT គឺរៀនជំនាញលក់តែទឹកកក ប៉ុន្ដែពេលនេះពាក្យដែលមនុស្សគ្រប់គ្នាតែងតែនិយាយលេងបានក្លាយជាការពិត។ ជាក់ស្ដែង លោក ជាង បូរ៉ា​ បានសម្រេចចិត្តបោះចោលជំនាញ IT របស់លោក ដែលខំសន្សំមកអស់ជាច្រើនឆ្នាំ ហើយងាកមកចាប់ផ្ដើមកែច្នៃនិងផលិតតែម្រុំ តែស្លឹកគ្រៃនិងតែផ្សេងៗទៀតលក់ធ្លាយដល់ទីផ្សារក្រៅប្រទេស។

លោក ជាង បូរ៉ា បានឱ្យដឹងថា លោកគឺអតីតជំនាញនិស្សិត IT ហើយក្រោយពីបញ្ចប់ថ្នាក់មហាវិទ្យាល័យ លោកក៏បានចូលបំពេញការងារនៅតាមក្រុមហ៊ុនឯកជននានាជាច្រើន។ យ៉ាងណាមិញ ក្រោយពីធ្វើការឱ្យគេអស់រយៈពេលជាង១០ឆ្នាំ លោកមានអារម្មណ៍ថា ចង់ធ្វើការងារដែលមានសេរីភាព ពោលគឺចង់មានមុខរបរមួយសម្រាប់ខ្លួនឯង។ ដោយសារតែខ្លួនមានជំនាញ IT​ ស្រាប់ ហេតុនេះហើយ លោកក៏បានសម្រេចចិត្តឡើងទៅប្រទេសជិតខាង ដើម្បីទៅទិញផលិតផលអេឡិចត្រូនិចផ្សេងៗយកមកលក់។

លោក​ ជាង បូរ៉ា បានឱ្យដឹងទៀតថា ក្រោយពីរកស៊ីរបរលក់គ្រឿងអេឡិចត្រូនិកបានប៉ុន្មានឆ្នាំ លោកក៏បានសម្រេចចិត្តបោះបង់របរនេះចោល ហើយងាកមកចាប់យករបរកែច្នៃផលិតតែវិញម្ដង ដោយលោកបានដាក់មហិច្ចតា ចង់ជួយដល់កសិករឱ្យមានជីវភាពប្រសើរឡើង តាមរយៈការព្យាយាមច្នៃផលិតផលកសិកម្ម សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស និងដើម្បីរួមចំណែកដល់ការនាំចេញរបស់កម្ពុជាឱ្យមានតុល្យភាពជាមួយនឹងការនាំចូល។

សហគ្រិនចិត្តស៊ូរូបនេះ បានបន្ដទៀតថា ចាប់ផ្ដើមដំបូងលោកជួបឧបសគ្គជាច្រើន មិនថាតែបញ្ហាដើមទុននិងបញ្ហាបច្ចេកទេសផលិតនោះទេ។ ហើយអ្វីដែលជាឧបសគ្គធំសម្រាប់លោកនោះ គឺប្រជាជនខ្មែរយើងភាគច្រើន ហាក់មិនសូវមានការគាំទ្រផលិតផលក្នុងស្រុក​ ប៉ុន្ដែបែរជានាំគ្នាគាំទ្រផលិតផលក្រៅស្រុកខ្លាំងទៅវិញ។

យ៉ាងណាមិញ បើទោះបីជាជួបឧបស្គច្រើនប៉ុណ្ណាក៏ដោយ ក៏សហគ្រិនកូនខ្មែររូបនេះ មិនដែលមានគំនិតចង់លះបង់ការខំប្រឹងនោះទេ ពោលគឺលោកបានព្យាយាមធ្វើការពន្យល់និងបញ្ចុះបញ្ចូលបងប្អូនខ្មែរយើងឱ្យងាកមកគាំទ្រផលិតផលខ្មែរវិញ។ ហើយក្រោយពីព្យាយាមធ្វើការផ្សព្វផ្សាយទាំងនៅខាងក្រៅនិងនៅលើបណ្ដាញសង្គម ក៏ចាប់ផ្ដើមមានអ្នកស្គាល់និងប្រើប្រាស់ផលិតផលរបស់លោក ពិសេសជាងនេះទៅទៀត ផលិតផលរបស់លោកមិនត្រឹមតែអាចលក់ក្នុងស្រុកតែប៉ុណ្ណោះទេ ប៉ុន្ដែអាចលក់ដល់ក្រៅស្រុកថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បើគិតមកទល់នឹងពេលនេះ លោក ជាង បូរ៉ា បានកែច្នៃផលិតផលកសិកម្មឱ្យទៅជាផលិតផលសុខភាពបានចំនួន ១៣មុខ រួមមាន តែម្រុំ, នំម្រុំសូកូឡាឆីប, កាហ្វេម្រុំ, ម្សៅម្រុំ, ម្រុំគ្រាប់, តែស្លឹកទៀបបារាំង, តែពោតបារាំង, តែម្រះ, តែខ្ញី, តែស្លឹកគ្រៃ, តែខ្ញីស្លឹកគ្រៃ, និង តែវល្លិ៍សាវម៉ាវ។ ហើយប្រសិនបើអ្នកទាំងអស់គ្នាចង់សាកភ្លក់រសជាតិផលិតផលជំនួយសុខភាពរបស់លោក ជាង បូរ៉ា ទាំងអស់គ្នាអាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 015/017/093 911 950 ឬអាចទំនាក់ទំនងទៅកាន់ Facebook Page: ផលិតផលក្រុមហ៊ុន រ៉ាគីមឡុង ឬ Elephant Brand

Facebay