IHOME

មជ្ឈមណ្ឌលកម្សាន្តខ្នាតធំ ព្រីនស៍ ម៉ាណ័រ សម្ពោធបើកដំណើរការជាផ្លូវការ នៅតំបន់កៀនស្វាយ

មជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» បានបើកសម្ភោធឲ្យដំណើរការហើយ ដោយនៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី រួមជាមួយថ្នាក់ដឹកនាំជនខ្ពស់ជាច្រើនរូបទៀតផងដែរ។ មជ្ឈមណ្ឌលកម្សាន្តខាងលើនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។

លោក Cliff Koh អភិបាលនិងជាអគ្គលេខាធិការនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានថ្លែងថា ក្នុងនាមក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ខ្ញុំបាទសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាក្នុងពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ។

លោក Cliff Koh បានមានប្រសាសន៍ផងដែរថា ៨០%នៃនិយោជិតដែលបម្រើការងារនៅក្នុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ គឺជាបុគ្គលិកក្នុងស្រុក ហើយក្នុងអំឡុងពេលនៃការរាតត្បាតជម្ងឺកូវីដ-១៩ ក្រុមហ៊ុនមិនបានបញ្ឈប់បុគ្គលិក ឬកាត់បន្ថយប្រាក់បៀវត្សរ៍របស់បុគ្គលិកទេ។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា យ៉ាងពេញទំហឹង និងគ្រប់ទិដ្ឋភាព។

នៅក្នុងពិធីនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរអស់ពីដួងចិត្តចំពោះការបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ  ហើយបានមានប្រសាសន៍ថា មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ  នឹងក្លាយជា “បង្អួច” សម្រាប់បង្ហាញរូបភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ ព្រមទាំងជួយជំរុញការអភិវឌ្ឍនគរូបនីយកម្មទីក្រុងភ្នំពេញ​ថែមមួយកម្រិតទៀតផងដែរ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុ​ញការងើបឡើងវិញនៃវិស័យ​ទេសចរណ៍ក្នុងរាជធានីភ្នំពេញ។ សម្តេចក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ក្នុងការអភិវឌ្ឍគម្រោងទេសចរណ៍កម្សាន្តលើទឹក ដូចជាកំពង់ផែ និងផែ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តកាន់តែច្រើនឡើង។

រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់សេវារដ្ឋបាលកាន់តែប្រសើរ និងងាយស្រួលជាងមុន ដើម្បីជួយដល់ការអភិវឌ្ឍសហគ្រាសដែលមានគុណភាពខ្ពស់ ដូចជាក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ជាដើម។ សម្តេចក៏បានបង្ហាញផងដែរថា សម្តេចនឹងសាកល្បងធ្វើការកម្សាន្តក្នុងការជិះកន្រ្ដកវិល “THE PHNOM PENH EYE” ប្រសិនបើមានឱកាស។

គួរបញ្ជាក់ដែរថា សួនកម្សាន្តដ៏ស្រស់អស្ចារ្យនៃទីក្រុងភ្នំពេញ ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គនៃប្រទេសកម្ពុជា និងជាគម្រោងរមណីយដ្ឋានទេសចរណ៍វប្បធម៌ដំបូងគេដែលត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ក្នុងទឹកប្រាក់វិនិយោគយ៉ាងធំសម្បើម ព្រមទាំងគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១៣៦,០០០ ម៉ែត្រការ៉េ និងមានរុក្ខជាតិបៃតងជាង ៨៨%។ សួនកម្សាន្តលក្ខណៈគ្រួសារ សួនលំហែកាយ សួនថែទាំសុខភាព ឧទ្យានកីឡា និងសួនវរជនដ៏ប្រណីតទាំងប្រាំ គឺសុទ្ធតែទទួលបានការពេញនិយមយ៉ាងខ្លាំង និងបានក្លាយជា “សួនច្បារ” របស់រាជធានីភ្នំពេញ។ រាល់ថ្ងៃឈប់សម្រាក គឺមានមនុស្សមកកម្សាន្តយ៉ាងច្រើនកុះករ ដែលបានក្លាយជាកន្លែងដែលមានប្រជាប្រិយបំផុតសម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ សម្រាប់ការកម្សាន្តនិងទស្សនា។

មជ្ឈមណ្ឌលកម្សាន្តផ្តល់ការកម្សាន្តជូនដល់អ្នកទេសចរគ្រប់វ័យ ពោលគឺមានកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានសេវាកម្មកម្សាន្តដូចជា៖ ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិល ទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កូក្រឡាប់ចាក់ រថយន្តប្រណាំង កន្ត្រកវិល និងសួនទឹកជាដើម។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» បើកទ្វារពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។

កន្រ្ដកវិល“THE PHNOM PENH EYE” មានកម្ពស់ ៨៨ ម៉ែត្រដែលត្រូវបានបង្កើតឡើងយ៉ាងប៉ិនប្រសប់ អាចដឹកនាំភ្ញៀវទេសចរធ្វើការទស្សនាទេសភាពនៃទីក្រុងភ្នំពេញ។ សួនទឹក ព្រីនស៍ វ៉ាធើផាក ទំហំ ១០០០០ ម៉ែត្រការ៉េ សម្រាប់ភ្ញៀវទេសចរលេងទឹកកម្សាន្តក្នុងរដូវក្តៅ។ ក្រៅពីនេះ ក៏មានទីលានបណ្តុះបណ្តាល ប្រឡងប្រណាំង និងហ្វឹកហាត់ឡានប្រណាំង Go Kart និងចំការដំណាំ​អេកូឡូស៊ីដ៏គួរឲ្យចាប់អារម្មណ៍ ដែលជាគម្រោង រួមបញ្ចូលទាំងការកម្សាន្តនិងការលំហែក្នុងកន្លែងតែមួយ ដែលបង្កើតបានជាសួនកម្សាន្តដ៏អស្ចារ្យមួយសម្រាប់ទីក្រុងភ្នំពេញ។

បើនិយាយអំពីតម្លៃសំបុត្រ ចូលទស្សនាវិញ គឺមានតម្លៃចាប់ពី ៤ដុល្លារ រហូតដល់ ៤០ដុល្លារ។ សម្រាប់សំបុត្រតម្លៃ ៤០ដុល្លារ គឺអ្នកទេសចរអាចលេងរាល់ឧបករណ៍កម្សាន្តដែលមាននៅក្នុងមណ្ឌលកម្សាន្តមួយនេះ។ ក្រៅតែពីផ្តល់នូវការកម្សាន្តដ៏សម្បូរបែបហើយនោះ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ដែលវិនិយោគដោយក្រុមហ៊ុនចិននេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររហូតដល់ប្រមាណ ១៩០នាក់។ នេះយោងតាមការដកស្រង់ពីផេកហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្រ្ដី។

គួរជម្រាបផងដែរថា ពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ឯកឧត្តម ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

នៅក្នុងនោះ ក៏មានវត្តមាន អ្នកឧកញ៉ា ចេន ហ្ស៊ីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុបលោក Cliff Koh អភិបាលនិងជាអគ្គលេខាធិការនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុបលោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុបនិងលោក Wang Zheng អគ្គនាយកនៃមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងបុគ្គលិក ក៏ដូចជាមិត្តអ្នកសារព័ត៌មានជាច្រើនរូបទៀត ក៏បានជួបជុំគ្នានៅក្នុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដើម្បីអបអរសាទរពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ផងដែរ។

Facebay